ទីក្រុងតៃប៉ិ៖ ក្រោយពេលមន្រ្ដីជាន់ខ្ពស់ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានព្យាករ អំពីសមត្ថភាពរបស់កងទ័ពរំដោះប្រជាជនចិន អាចនឹងវាយលុក ដណ្ដើមកាន់កាប់កោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧ ស្របពេលក្រុងប៉េកាំង កំពុងតែបង្កើនសកម្មភាពយោធាឥតឈប់ឈរផងនោះ ក្រុងតៃប៉ិ ក៏កាន់តែបង្កើននូវការទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ ពីមហាអំណាចលោកខាងលិច សម្រាប់ត្រៀមទប់ទល់នឹងការឈ្លានពានរបស់ក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៣ មីនា ២០២៣។

សហរដ្ឋអាមេរិក បានយល់ព្រមលក់គ្រឿងយុទ្ធោបករណ៍ថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ៦១៩លានដុល្លារ ទៅឱ្យតៃវ៉ាន់ រួមទាំងមីស៊ីល សម្រាប់កងយន្ដហោះចម្បាំងដ៏ទំនើប F-16 របស់ដែនកោះមួយនេះ។ ការសម្រេចចិត្តលក់គ្រឿងសឹករបស់ក្រុងវ៉ាស៊ីនតោន មកឲ្យក្រុងតៃប៉ិ បានកើតឡើង ស្របពេលមានសេចក្ដីរាយការណ៍ អំពីកងទ័ពអាកាសរំដោះប្រជាជនចិន បានបង្កើននូវការលុកលុយទ្រង់ទ្រាយធំ ឈានដល់ថ្ងៃទី២ នៅជិតកោះតៃវ៉ាន់។

ការលក់គ្រឿងចម្បាំងទំនើបៗរបស់សហរដ្ឋអាមេរិក មកឲ្យកោះតៃវ៉ាន់ ទំនងជានឹងធ្វើឱ្យទំនាក់ទំនងដ៏តានតឹងដែលមានស្រាប់ រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កាន់តែតានតឹងបន្ថែមទៀត។ ចិនតែងតែទាមទារម្តងហើយម្តងទៀតឲ្យបញ្ឈប់នូវកិច្ចព្រមព្រៀងបែបនេះ ខណៈសហរដ្ឋអាមេរិក នៅតែអះអាង ការពារកោះតៃវ៉ាន់ ប្រសិនបើមានឈ្លានពានពីចិន។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តនូវការលក់គ្រឿងសព្វាវុធដ៏មានសក្ដានុពល និង សម្ភារសឹក ទៅឲ្យកោះតៃវ៉ាន់។ គ្រឿងចម្បាំងទាំងនោះ រួមមាន មីស៊ីលដ៏ទំនើបបាញ់ពីលើអាកាសទៅលើអាកាសរយៈចម្ងាយមធ្យមប្រឆាំងនឹងយន្ដហោះ (AMRAAM) ចំនួន ២០០ដើម និង មីស៊ីល AGM-88B HARM ចំនួន១០០គ្រឿង ដែលអាចបាញ់ចេញពីស្ថានីយរាដានៅលើដី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ