សេអ៊ូល៖ ជាមួយនឹងការបង្កើនសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅក្នុងតំបន់ធ្វើឲ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង និង សម្ពន្ធមិត្ត ចាត់ទុកជាការគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន ទើបសហរដ្ឋអាមេរិក បានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយនឹងកងទ័ពរបស់ប្រទេសជិតខាងចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Eurasia Times នៅថ្ងៃទី១១ មករា ២០២៣។
កងទ័ពសហរដ្ឋអាមេរិក បាននិងកំពុងតែធ្វើសមយុទ្ធ កាន់តែច្រើនឡើងៗ ជាមួយសម្ពន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់បង្កើននូវការត្រៀមខ្លួនរបស់ពួកគេ និង ពង្រឹងទំនាក់ទំនងដល់សន្តិសុខជាតិ ចំពេលមានភាពតានតឹង នៅក្នុងតំបន់។
នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាមេរិក បានចូលរួមធ្វើសមយុទ្ធយោធាយ៉ាងច្រើន ជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចនានា នៅជុំវិញប្រទេសចិន រួមមាន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង តៃវ៉ាន់ ជាដើម។ ការបង្កើនសកម្មភាពយោធារបស់ក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើឲ្យក្រុមអ្នកជំនាញ ប៉ាន់ប្រមាណ អំពីគោលបំណង បញ្ជូនសារព្រមាន ទៅដល់ក្រុងប៉េកាំង និង រារាំងដល់សកម្មភាពយោធារបស់កូរ៉េខាងជើង។
គួរបញ្ជាក់ផងដែរថា សមយុទ្ធកងទ័ពអកាសនេះ បានធ្វើឡើងត្រឹមតែរយៈពេលថ្ងៃ២ ក្រោយពេលកូរ៉េខាងជើង បានអះអាង អំពីការអនុវត្ដនូវការបាញ់សាកល្បងផ្កាយរណបឈ្លបយកការណ៍យោធា ដែលអាចនឹងធ្វើឡើង នៅដើមឆ្នាំ២០២៣។ ស្របពេលកូរ៉េខាងជើង កំពុងតែបង្កើននូវការគំរាមកំហែងកាន់តែខ្លាំងក្លាឡើងនោះ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានប្តេជ្ញា ថា នឹងបង្កើននូវការត្រៀមខ្លួនប្រយុទ្ធ និង ធ្វើអន្តរប្រតិបត្តិការរបស់ប្រទេសទាំង២៕