ស្រីលង្កា ៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បាននិយាយថា សេដ្ឋកិច្ចប្រទេសរបស់លោក កំពុងស្ថិតលើមាគ៌ានៃការងើបឡើងវិញ ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ មិថុនា ឆ្នាំ២០២៣។

លោក Wickremesinghe និយាយថា ថ្ងៃនេះពួកយើងទាំងអស់គ្នាទទួលបានលទ្ធផលពីការអត់ធ្មត់ ការប្តេជ្ញាចិត្ត និងគោលនយោបាយដ៏ជាក់លាក់ ។ អតិផរណាដែលបានកើនឡើងដល់ ៧០ភាគរយ បានកាត់បន្ថយមកនៅត្រឹម ២៥,២ភាគរយប៉ុណ្ណោះ ។ នេះក៏ដោយសារតែការចំណាយលើជីវភាពរស់នៅចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ។ 

ជាសញ្ញាបង្ហាញទំនុកចិត្តថាវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ស្រីលង្កាបញ្ចប់ទៅហើយនោះ ធនាគារកណ្តាលរបស់ពួកគេនៅថ្ងៃនេះ បានធ្វើឲ្យទីផ្សារភ្ញាក់ផ្អើល តាមរយៈការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ គឺជាសញ្ញាផ្លាស់ប្តូរដើម្បីជំរុញសន្ទុះងើបឡើងនៃសេដ្ឋកិច្ច ។ 

សូមបញ្ជាក់ថា ប្រទេសកោះនៅអាស៊ីខាងត្បូងមួយនេះ បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំមុន ពេលដែលអស់ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន តម្លៃចំណីអាហារ និងថាមពល ហក់ឡើងខ្ពស់ ហើយក្រុមតវ៉ាបានបង្ខំឲ្យទម្លាក់តំណែងអតីតប្រធានាធិបតីប្រទេសមួយនេះ ។  

ដោយឡែក លោក Wickremesingheបានឡើងកាន់អំណាចកាលពីខែកក្កដា និងបានចរចាឲ្យមានថវិកាសង្រ្គោះ ២,៩ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមីនា ៕

គួរបញ្ជាក់ផងដែរថា IMF រំពឹងថា GDP នឹងធ្លាក់ចុះ 3% នៅឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះ 7.8% កាលពីឆ្នាំមុន។ CBSL បានព្យាករណ៍ថានឹងធ្លាក់ចុះ 2% នៅឆ្នាំ 2023៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ