លោក ប្រាយុទ្ធ អះអាងថា លោកនឹងបន្តធ្វើជារដ្ឋមន្ត្រីការពារជាតិ ទោះគេព្យួរតំណែងនាយករដ្ឋមន្ត្រី
បាងកក៖ លោក ប្រាយុទ្ធ ចាន់អូចា បានអះអាងនៅថ្ងៃនេះ ថា លោក នឹង បន្តកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថៃ ដែលនេះគឺជាការ អត្ថាធិប្បាយ ដោយផ្ទាល់ជា សាធារណៈលើកដំបូង ចាប់តាំងពី តុលាការ ធម្មនុញ្ញថៃបញ្ជាឱ្យព្យួរតំណែងជានាយករដ្ឋមន្ត្រី ខណៈកំពុង ពិនិត្យឡើងវិញលើអាណត្តិរបស់លោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ សីហា ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក ប្រាយុទ្ធ ធ្វើឡើងនៅក្នុងសារ មួយបង្ហោះលើបណ្ដាញ ធ្វីតទ័រ(Twitter )នៅថ្ងៃសុក្រ ទី២៦ សីហា ២០២២នេះ។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់យ៉ាង ខ្លីដូច្នេះថា «ខ្ញុំនឹងបន្តភារកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រី ការពារជាតិ ដើម្បីប្រជាជន និងប្រទេសថៃជារៀងរាល់ថ្ងៃ»។
តុលាការធម្មនុញ្ញថៃ បានចេញសាលក្រមព្យួរតំណែងលោក ប្រាយុទ្ធ កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីទទួលយកញតិ្តរបស់គណបក្ស ប្រឆាំងដែលស្នើឱ្យ ពិនិត្យឡើងវិញលើអាណត្តិនាយករដ្ឋមន្ត្រី និងព្យួរតួនាទីរបស់លោកជាបណ្ដោះអាសន្ន។
ខាងគណបក្សប្រឆាំងបានអះអាងថាអាណត្តិរបស់លោក ប្រាយុទ្ធ ត្រូវបិទបញ្ចប់កាលពីថ្ងៃពុធ ដែលជាគំរប់ខួប ៨ឆ្នាំនៃការកាន់ អំណាចរបស់លោក ដោយរាប់ចាប់តាំងពីឆ្នាំ២០១៤មក។ បើតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្ត្រី មិនអាចកាន់តំណែងលើសពី ៨ឆ្នាំឡើយ។
ក៏ប៉ុន្តែ ក្រុមអ្នកគាំទ្រលោក ប្រាយុទ្ធ បានអះអាងថាអាណត្តិរបស់ លោក ប្រាយុទ្ធ គឺចាប់ផ្ដើមរាប់ពីឆ្នាំ២០១៧ ហើយខ្លះទៀតថា ឆ្នាំ២០១៩ ដែលនេះមាន ន័យថាលោកអាចកាន់តំណែងរហូត ដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប្រសិនបើលោកនៅតែទទួលបាន ការគាំទ្រនៅក្នុងសភា។
យ៉ាងណាក៏ដោយ គេមិនទាន់ ដឹងច្បាស់ថាតើតុលាការ ធម្មនុញ្ញ ថៃនឹងធ្វើការសម្រេចចិត្តបែបណា ឬនៅពេលណានោះទេ ខណៈឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន៕RT