អាហ្វ្រិកខាងត្បូង ៖ កងកម្លាំងការពារជាតិអាហ្វ្រិកខាងត្បូងបង្ហើបថា អាហ្វ្រិកខាងត្បូងនឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រជាមួយចិន និងរុស្ស៊ី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងបី ។ ការធ្វើសមយុទ្ធលើកនេះ នឹងធ្វើនៅក្នុងទីក្រុងកំពង់ផែ Durban និង Richards Bay ដោយទាហានអាហ្វ្រិកខាងត្បូងនឹងចូលរួមសមយុទ្ធចំនួន៣៥០នាក់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃ២៤ មករា ២០២៣។

លោក Cobus Marais មកពីសម្ព័ន្ធប្រជាធិបតេយ្យអាហ្វ្រិកខាងត្បូង ផ្នែកប្រឆាំងឱ្យដឹងថា ការធ្វើសមយុទ្ធនេះ នឹងធ្វើឱ្យគេមើលមកប្រទេសអាហ្វ្រិកខាងត្បូងថា មិនមែនជាប្រទេសប្រកាន់ជំហរកណ្តាលទេ ។ លោកបន្តថា អាហ្វ្រិកខាងត្បូងបានលម្អៀងទៅរករុស្ស៊ីនិងចិន ហើយនឹងមានបញ្ហាជាមួយប្រទេសលោកខាងលិចដូចជា សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ និងអង់គ្លេស ដែលប្រទេសទាំងនេះគឺជាដៃគូពាណិជ្ជកម្មឈានមុខរបស់អាហ្វ្រិកខាងត្បូង។

ដោយឡែក នាវាចម្បាំងរបស់រុស្ស៊ីដែលបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង នឹងបញ្ជូនទៅធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកចិន និងកងទ័ពជើងទឹកអាហ្វ្រិកខាងត្បូងនៅខែកុម្ភៈផងដែរ ។

គួរបញ្ជាក់ផងដែរថា ការធ្វើសមយុទ្ធរួមគ្នាលើកដំបូងរបស់នាវាចម្បាំង «Admiral Gorshov» ដែលបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងដល់ទៅ៩ដង ក្នុងចម្ងាយហោះហើរ១.០០០គីឡូម៉ែត្រ។ ការធ្វើសមយុទ្ធមានឈ្មោះថា ប្រតិបត្តិការ Mosi ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈ ខាងមុខនេះ គឺគម្រប់១ឆ្នាំដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ