ឥណ្ឌា ៖ មេដឹកនាំប្រទេសឥណ្ឌាបានប្រកាសថា នឹងបង្កើនការនាំចេញអាវុធបន្ថែមទៀតទៅកាន់ពិភពលោក គឺលើសមុន៣ដង ក្នុងទឹកប្រាក់ស្មើ៥.០០០លានដុល្លារអាមេរិកក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NationWorldNews នៅថ្ងៃទី១៥ កុម្ភៈ ២០២៣។

នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសពីគោលដៅនាំចេញអាវុធក្នុងពិធីបង្ហាញយន្តហោះរបស់ខ្លួននៅទីក្រុងបេងហ្គារូលូ ជាពិធីបង្ហាញយន្តហោះធំបំផុត ដែលរៀបចំឡើងរៀងរាល់២ឆ្នាំម្តង និងមានកំណត់រយៈពេល៥ថ្ងៃ ។

លោកនាយករដ្ឋមន្ត្រីថ្លែងថា ឥណ្ឌាមានគោលដៅបន្ថែមតម្លៃការនាំចេញអាវុធចាប់ពី១.៥០០លានដុល្លារ ក្នុង១ឆ្នាំ ទៅ៥.០០០លានដុល្លារ ក្នុង១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ។ លោកបានថ្លែងទៀតថា ឥណ្ឌាមិនគ្រាន់តែជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌាមានសក្តានុពលជាដៃគូផលិតអាវុធផងដែរ ហើយឥណ្ឌាកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអាវុធលំដាប់កំពូលក្នុងពិភពលោក ។ បច្ចុប្បន្ន ឥណ្ឌាបាននាំចេញអាវុធទៅកាន់៧៥ប្រទេស លើសពីនេះ រដ្ឋាភិបាលបានណែនាំផ្នែកឯកជនឱ្យចូលរួមវិនិយោគក្នុងឧស្សាហកម្មការពារជាតិកាន់តែច្រើនឡើង ។

គួរបញ្ជាក់ថា ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអាវុធធំបំផុតរបស់ពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែឥណ្ឌាមិនបានស្ថិតនៅជួរមុខក្នុងទីផ្សារនាំចេញអាវុធនោះទេ ហើយឥណ្ឌាបានព្យាយាមប្រើប្រាស់ព័ត៌មានការនាំចូលអាវុធ ដើម្បីទាក់ទាញការវិនិយោគពីបរទេសមកក្នុងឧស្សាហកម្មរបស់ខ្លួន ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ