អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថា នាវាមុជទឹកបំពាក់ដោយមីស៊ីលផ្លោងដើរដោយថាមពលនុយក្លេអ៊ែរដ៏ថ្មីបំផុតរបស់កងទ័ពជើងទឹករុស្ស៊ី កំពុងធ្វើដំណើរទៅកាន់មូលដ្ឋានបណ្តោះអាសន្ន សម្រាប់កងនាវាចរភាគខាងជើងនៅតំបន់អាក់ទិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ មករា ២០២៣។
ថ្មីៗនេះនាវាមុជទឹកឈ្មោះ ជេនឺរ៉ាលីសស៉ីម៉ូ ស៊ូវ៉ូរ៉ូវ (Generalissimo Suvorov) បានចាកចេញពីទីក្រុងកំពង់ផែរុស្ស៉ីសឺវ៉េរ៉ូដវីនស្ក៍ (Severodvinsk) ជាទីតាំងផលិតកប៉ាល់សេវម៉ាស់ (Sevmash) ឆ្ពោះទៅកាន់មូលដ្ឋានបណ្តោះអាសន្ននៃកងនាវាចរភាគខាងជើង។
នាវាមុជទឹកយុទ្ធសាស្ត្រនេះត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅឲ្យទៅក្នុងកងទ័ពជើងទឹករុស្ស៊ីកាលពីចុងឆ្នាំ២០២២ ដោយលោក វ្ល៉ាឌីមៀ ពូទីន។ គេរំពឹងថាវានឹងចូលរួមបង្កើនសមត្ថភាព និងជំរុញកងកម្លាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី ហើយនឹងត្រូវផ្លាស់ទៅមូលដ្ឋាននាវាមុជទឹករីបាឈី (Rybachiy) នៅលើតំបន់កាំឆាកា (Kamchatka) នារដូវក្តៅខាងមុខ។
គួរបញ្ជាក់ថា នាវា Generalissimo Suvorov គឺជានាវាទី៦នៃនាវាមុជទឹកប្រភេទ Boei-class របស់រុស្ស៊ីដែលមានរូបរាងតូចជាងមុន និងអាចបំបាំងកាយបាន។ នាវាមុជទឹកប្រភេទនេះកំពុងជំនួសឲ្យនាវាមុជទឹកបំពាក់មីស៊ីលផ្លោងជំនាន់មុនរបស់ខ្លួន។ វាអាចផ្ទុកមីស៉ីលប៊ូឡាវ៉ា Bulava រហូតដល់១៦គ្រាប់ ដែលនីមួយៗមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងមួយ៕RT