ស្លូវ៉ាគីនឹងចាប់ផ្តើមចរចាលើការបញ្ជូនយន្តហោះទៅឱ្យអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវស្នើសុំជាផ្លូវការ
1 ឆ្នាំ មុន
អន្តរជាតិ៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Eduard Heger ថ្លែងថា ប្រទេសរបស់គាត់អាចចាប់ផ្តើមដំណើរការ នៃកិច្ចចរចាលើការប្រគល់យន្តហោះចម្បាំងធុន MIG-29 ទៅកាន់អ៊ុយក្រែនឥឡូវនេះ នៅពេលដែលទីក្រុងកៀវស្នើសុំជាផ្លូវការនូវយន្តហោះទាំងនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ កុម្ភៈ ២០២៣។
នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Eduard Heger បាននិយាយថា ក្នុងករណីផ្តល់ជំនួយណាមួយដល់អ៊ុយក្រែន យើងទាមទារសំណងពីសហភាពអឺរ៉ុប... យើងនឹងជួយអ៊ុយក្រែន ហើយក្នុងពេលជាមួយគ្នានេះ យើងនឹងទទួលបានប្រាក់។ ការចរចានឹងមានទាំងផ្ទៃក្នុង និងជាមួយគណៈកម្មការអឺរ៉ុបផងដែរ។
ចំណែក រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Jaroslav Nad បាននិយាយថា ប្រទេសខ្លួនលែងត្រូវការយន្តហោះទាំងនោះទៀតហើយ ហើយខ្លួនអាចលក់វាទៅប្រទេសផ្សេង ឬប្រគល់ឱ្យអ៊ុយក្រែន ជាទីដែលយន្តហោះទាំងនោះអាចជួយបាន៕