អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសើ ខាណានី (Nasser Kanaani) បានព្រមានថា ប្រទេសអ៊ីរ៉ង់ នឹងធ្វើការឆ្លើយតប «កាន់តែខ្លាំងក្លា» ប្រសិនបើអ៊ីស្រាអែល ធ្វើឱ្យមានកំហុសឆ្គងណាមួយផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Reuters នៅថ្ងៃទី២៣ មេសា ២០២៤។
លោកបានធ្វើការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈអត្ថាធិប្បាយអំពីប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែមេសា ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។
លោក ខាណានី និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងស្ថានទូតរបស់អ៊ីរ៉ង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ បានចាត់ទុកថាប្រតិបត្តិការសងសឹករបស់ខ្លួនបានបញ្ចប់ ហើយគោលបំណងរបស់ខ្លួនបានសម្រេចហើយ ប៉ុន្តែ «ប្រសិនបើអ៊ីស្រាអែលបង្កើតឱ្យមានមួយផ្សេងទៀត ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងកាន់តែតឹងរ៉ឹង និងកាន់តែធ្ងន់ធ្ងរ»។
ដោយឡែក ការផ្ទុះដែលគេបានឮកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុននៅជិតទីក្រុង អ៊ីស្វាហាន (Isfahan) របស់អ៊ីរ៉ង់ ដែលទំនងជាការវាយប្រហាររបស់អ៊ីស្រាអែល លោក ខាណានី បានថ្កោលទោសការវាយប្រហារនេះថាជា «ការខឹងសម្បារ និងការព្យាបាទ» ដោយបន្ថែមថា មិនទាន់មានភាគីណាមួយអះអាងទទួលខុសត្រូវនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយបានរារាំងការវាយប្រហារដែលធ្វើឡើងដោយ «វត្ថុហោះតូចមួយ និងយានហោះលើអាកាសខ្នាតតូច» ដោយសង្កត់ធ្ងន់ថាជនល្មើសមិនបានសម្រេចអ្វីទាំងអស់៕RT