តេហេរ៉ង់៖ អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ សប្តាហ៍នេះ ចំពោះការបំផ្ទុះគ្រាប់បែកពីរដង ដែលបានសម្លាប់មនុស្ស ជាង១០០នាក់ នៅភាគខាងត្បូងនៃប្រទេសនេះ។ គ្រាប់បែកបានផ្ទុះ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ចំពេលដែលហ្វូងមនុស្សបានប្រារព្ធពិធីរំលឹកដល់ខួប បួនឆ្នាំ នៃការស្លាប់របស់ ឧត្តមសេនីយឆ្មាំបដិវត្ត Qasem Soleimani អំឡុងវាយប្រហាររបស់អាមេរិក ដោយយន្តហោះដ្រូន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ មករា ២០២៤។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានថ្កោលទោសការបំផ្ទុះគ្រាប់បែកពីរដង ផ្ទួនៗគ្នា នៅឯទីក្រុង Kerman ភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៣នាក់។ នៅទីនោះ ជាទីកន្លែងដែលហ្វូងមនុស្សជាច្រើននាក់បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីរម្លឹកដល់ការស្លាប់ឧត្តមសេនីយ៍ Qasem Soleimani ។

នៅចំពោះមុខហ្វូងមនុស្សដ៏ច្រើន លោក Raisi បានផ្តាំទៅជនល្មើសថា «អ្នកនឹងបង់ថ្លៃខូចខាតដ៏ធ្ងន់ធ្ងរ សម្រាប់ឧក្រិដ្ឋកម្មដ៏អាក្រក់នេះ»។

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា មានកាបូបចំនួនពីរដែលផ្ទុកគ្រាប់បែកបានផ្ទុះ នៅកន្លែងកើតហេតុ។ ប្រភពបានបន្ថែមថា ជនល្មើសទំនងជាបំផ្ទុះគ្រាប់បែក ដោយការបញ្ជាពីចម្ងាយ។

ជុំវិញការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បដិសេធ។ លោកអះអាងថា អាមេរិកមិនពាក់ព័ន្ធនឹងរឿងនេះទេ។ លោកបានបន្ថែមទៀតថា ក៏គ្មានហេតុអ្វីដែលថា អ៊ីស្រាអែល នៅពីក្រោយការផ្ទុះគ្រាប់បែកលើកនេះដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ