ហ្ស៊េរុយសាឡិម៖ កងទ័ពអ៊ីស្រាអែលនិយាយថា អាវុធមួយចំនួនដែលក្រុមហាម៉ាស់ប្រើ ក្នុងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ត្រូវបានផលិត នៅក្នុងប្រទេសអ៊ីរ៉ង់ ឬ កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៧ តុលា ២០២៣។

យោធាអ៊ីស្រាអែលបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន នៅទីតាំងបង្ហាញអាវុធជាច្រើនប្រភេទ ដែលរឹបអូសបានពីសហគមន៍ នៅភាគខាងត្បូងអ៊ីស្រាអែល ជាតំបន់ដែលត្រូវបានវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ ហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា។

គ្រាប់មីនជាច្រើនគ្រាប់, គ្រាប់បែកដៃដែលបាញ់ដោយរ៉ុក្កែត ហៅកាត់ថា RPGs និងយន្តហោះគ្មានមនុស្សបើក ដែលផលិតក្នុងស្រុក គឺជាផ្នែកមួយ នៃការដាក់តាំងបង្ហាញអាវុធ នាពេលនោះ។ មន្ត្រីយោធាអ៊ីស្រាអែល បាននិយាយថា «ខ្ញុំគិតថា ប្រហែលចន្លោះពី ៥ ទៅ ១០ ភាគរយ នៃអាវុធ នៅទីនេះ ត្រូវបានផលិត នៅក្នុងប្រទេសអ៊ីរ៉ង់» ។

មន្ត្រីរូបនេះបានបន្ថែមទៀតថា «ហើយ ១០ភាគរយទៀត ត្រូវបានផលិត នៅកូរ៉េខាងជើង។ នៅសល់ប៉ុន្មានទៀត ត្រូវបានផលិត នៅក្នុងតំបន់ Gaza Strip ផ្ទាល់»។ ក្រុមហាម៉ាស់ត្រូវបានគេជឿថា កំពុងពឹងផ្អែកលើបណ្តាញរត់ពន្ធយ៉ាងទូលំទូលាយ ដើម្បីនាំយកអាវុធ ចូលទៅក្នុងតំបន់ Gaza Strip ។

គួររម្លឹកថា កាលពីថ្ងៃទី ៧ ខែតុលា ក្រុមហាម៉ាស់បានវាយប្រហារសម្រុលចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដ៏គួរឲ្យភ្ញាក់ផ្អើល សម្លាប់មនុស្សជាង ១៤០០ នាក់ ដែលភាគច្រើន គឺជាជនស៊ីវិល ព្រមទាំង បានចាប់ជំរិតមនុស្ស ចំនួន២២៤នាក់ បន្ថែមទៀត។

លើពីនេះទៅទៀត អ៊ីស្រាអែលបានសងសឹកវិញ ជាមួយនឹងការវាយប្រហារ ឥតឈប់ឈរ។ ក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា ការសងសឹកនេះបានសម្លាប់មនុស្សជាង ៧០០០ នាក់ហើយ ដោយក្នុងនោះ ភាគច្រើនគឺជាជនស៊ីវិល។ ចំនួនអ្នកស្លាប់ត្រូវបានបារម្ភថា នឹងកើនឡើងច្រើនទៀត ប្រសិនបើទាហានអ៊ីស្រាអែលដែលប្រមូលផ្តុំ នៅជិតព្រំដែន ផ្លាស់ទីចូល ទៅក្នុងទឹកដីប៉ាឡេស្ទីន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ