អ៊ីរ៉ង់បដិសេធមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារយន្តហោះដ្រូន សម្លាប់យោធាអាមេរិក ៣នាក់នៅហ្ស៊កដានី
តេហេរ៉ង់៖ ទីក្រុងតេហេរ៉ង់ទាត់ចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលថា ខ្លួនគាំទ្រក្រុមឧទ្ទាម នៅពីក្រោយការវាយប្រហារយន្តហោះដ្រូននៅហ៊្សកដានី សម្លាប់យោធាអាមេរិក ៣នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ មករា ២០២៤។
ទីភ្នាក់ងារសារព័ត៌មាន IRNA ដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអង់គ្លេស ដែលថា អ៊ីរ៉ង់គាំទ្រក្រុមឧទ្ទាម នៅពីក្រោយការវាយប្រហារយន្តហោះដ្រូននៅហ៊្សកដានី ធ្វើឡើងក្នុងគោលបំណងនយោបាយយ៉ាងជាក់ស្តែង ដើម្បីបញ្ចៀសការពិតនៅក្នុងតំបន់។
ទោះបីជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានចោទប្រកាន់ពួកឧទ្ទាមដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ដែលកំពុងធ្វើប្រតិបត្តិការនៅស៊ីរី និងអ៊ីរ៉ាក់ ជាអ្នកនៅពីក្រោយការវាយប្រហារលើមូលដ្ឋានកងទ័ព នៅភាគឦសាននៃប្រទេសហ្ស៊កដានី។ ទន្ទឹមគ្នា រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យអ៊ីរ៉ង់បន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយថា សេចក្តីថ្លែងការណ៍បែបនេះ ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាអន្តរជាតិ។
គិតមកទល់ពេលនេះ នៅពុំទាន់មានក្រុមសកម្មប្រយុទ្ធណាមួយ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារខាងលើនៅឡើយទេ។ ប៉ុន្តែបើតាមទីបញ្ជាការកណ្តាលអាមេរិក ក្រៅពីយោធាអាមេរិក ៣នាក់ស្លាប់ ក៏មានមនុស្ស ៣៤នាក់ទៀតរងរបួសផងដែរ ក្នុងនោះ ៨នាក់ត្រូវបញ្ជូនទៅព្យាបាលភ្លាមៗ។
គួរបញ្ជាក់ថា ទាហានអាមេរិកកំពុងធ្វើប្រតិបត្តិការនៅមូលដ្ឋានក្បែរព្រំដែនប្រទេសហ្ស៊កដានី ជាមួយអ៊ីរ៉ាក់ និងស៊ីរី ដែលជាផ្នែកមួយនៃក្រុមចម្រុះអន្តរជាតិប្រឆាំងនឹងក្រុមជីហាដរដ្ឋអ៊ីស្លាម។ ហើយការវាយប្រហារចុងក្រោយនេះ បានកត់សម្គាល់ពីការស្លាប់យោធាអាមេរិកលើកដំបូង ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើម៕