តេហេរ៉ង់៖ អ៊ីរ៉ង់ បានរាយការណ៍ថា ទាហានអាមេរិករាប់ពាន់នាក់បានចូលរួមក្នុងប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ខណៈថ្មីៗនេះ មន្ទីរបញ្ចកោណក៏ប្រកាសពីផែនការពង្រឹងវត្តមានយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា ចំពេលមានជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស រួមទាំងភាពតានតឹងជាមួយអ៊ីរ៉ង់ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ៣០ តុលា ២០២៣។

ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា មានជាប់ពាក់ព័ន្ធនឹងកងពលធំចំនួន ៣អង្គភាព និងកងពលតូចជាច្រើនផ្សេងទៀត ហើយមានការគាំទ្រពីបុគ្គលិកយោធាអាមេរិកចំនួន ៥,០០០នាក់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពមិនបានផ្តល់ព័ត៌មានលម្អិត អំពីកងទ័ពណាដែលចូលរួមក្នុងការវាយលុក ឬមុខងារអ្វីដែលពួកគេបានអនុវត្តនោះទេ។ កាលពីសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានបញ្ជាឱ្យបន្ថែមទាហានជាង ២,០០០នាក់ ត្រៀមដាក់ពង្រាយគាំទ្រអ៊ីស្រាអែល ក្នុងជម្លោះជាមួយក្រុមហាម៉ាស។

ដោយឡែក អាមេរិកក៏បាននិយាយដែរថា ខ្លួននឹងដាក់ពង្រាយទាហាន ៩០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងនេះក្តី មន្ត្រីអាមេរិកបានអះអាងថា គ្មានកងទ័ពរបស់ខ្លួនណាម្នាក់នឹងបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលទេ និងថា ការដាក់ពង្រាយទ័ពនេះ មានគោលបំណងគាំទ្រកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជម្លោះក្នុងតំបន់ និងពង្រឹងសមត្ថភាពការពារកងកម្លាំងរបស់អាមេរិកបន្ថែមទៀត។

ការអះអាងរបស់សហរដ្ឋអាមេរិកខាងលើ ត្រូវបានធ្វើឡើងចំពេលដែលអាមេរិកបើកការវាយប្រហារតាមអាកាសលើទីតាំងចំនួនពីរនៅភាគខាងកើតស៊ីរី ដែលត្រូវបានគេចោទថា ប្រើដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងក្រុមពាក់ព័ន្ធ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បាននិយាយដែរថា វាគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដដែលៗលើកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ