វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលអាមេរិក Nvidia បានប្រកាសថ្មីៗនេះអំពីការបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រុមហ៊ុនយក្សចិន BYD និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀត រួមទាំងការជំរុញអភិវឌ្ឍន៍រថយន្តបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ មីនា ២០២៤។

ការប្រកាសនេះធ្វើឱ្យទំនាក់ទំនងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាមេរិក Nvidia កាន់តែស៊ីជម្រៅជាមួយនឹងឧស្សាហកម្មរថយន្តអគ្គិសនី (EV) របស់ចិន បើទោះបីជាមានការព្រមានពីរដ្ឋាភិបាលអាមេរិក ជុំវិញការនាំចេញផ្នែកបច្ចេកវិទ្យា AI ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនទៅកាន់ប្រទេសចិនក៏ដោយ។

ក្រុមហ៊ុន BYD ដែលបានផ្តួលក្រុមហ៊ុន Tesla របស់លោក Elon Musk ក្នុងការលក់រថយន្តអគ្គិសនីក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ គឺជាក្រុមហ៊ុនផលិតរថយន្តយក្សចិនចុងក្រោយ ដែលនឹងប្រើប្រាស់ DRIVE Thor ដែលជាវេទិកាបន្ទះឈីបកុំព្យូទ័រជំនាន់ក្រោយរបស់ Nvidia ដែលត្រូវបានរចនាឡើងសម្រាប់ AI និងកម្មវិធីបើកបរដោយស្វ័យប្រវត្តិ។

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ថា ថ្ងៃនេះ យើងសូមប្រកាសថា BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV ដ៏ធំបំផុតរបស់ពិភពលោក កំពុងប្រើប្រាស់បន្ទះឈីបកុំព្យូទ័រជំនាន់ក្រោយ (AV computer) របស់យើង។

ក្រុមហ៊ុន Nvidia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV ធំៗរបស់ចិនដទៃទៀត មានដូចជា XPeng, Li Auto, ZEEKR និង GAC Aion ក៏បានទទួលយកវេទិការ Thor របស់ Nvidia ដែលបានប្រកាសជាលើកដំបូងក្នុងឆ្នាំ២០២២ផងដែរ។

ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលអាមេរិកមួយនេះ បានសង្កត់ធ្ងន់ថា វេទិការ DRIVE Thor ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើបដិវត្តកម្មរថយន្ត ដោយចាប់ផ្តើមនៅក្នុងយុគសម័យដែលបញ្ញាសិប្បនិម្មិត (AI) កំពុងបង្កើតបទពិសោធន៍ថ្មីនៃការបើកបរ។ ក្រុមហ៊ុន Nvidia បានឱ្យដឹងថា DRIVE Thor ត្រូវបានគេរំពឹងថា នឹងដើរតួនាទីសំខាន់ក្នុងខ្សែសង្វាក់ផលិតកម្មរថយន្តនៅដើមឆ្នាំ ២០២៥ខាងមុខនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ