បរទេស៖ ភ្នំភ្លើង អែលប៉ូប៉ូ (El Popo) នៅប្រទេសមិចស៊ីក បានបញ្ចេញផេះ ហើយកម្រិតប្រកាសអាសន្ន នៅតែមានកម្រិតខ្ពស់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣។

ភ្នំភ្លើង អែលប៉ូប៉ូ (El Popo) ឬ ភ្នំភ្លើង ប៉ូប៉ូខាតេប៉ែល (Popocatepetl) ត្រូវបានគេចាត់ទុកថា ជាភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក ដែលបន្តបញ្ចេញផ្សែង និងផេះឡើងលើមេឃ មួយថ្ងៃបន្ទាប់ពីអាជ្ញាធរម៉ិកស៊ិកបានរាយការណ៍ពីកម្រិតប្រកាសអាសន្ននៅ "ដំណាក់កាលពណ៌លឿងទី ៣" មួយ។

សារធាតុឆេះ ផេះ និងផ្សែងត្រូវបានសាយភាយចេញពីភ្នំភ្លើង ប៉ូប៉ូខាតេប៉ែល (Popocatepetl) ដូចដែលបានឃើញ ពីសហគមន៍ សាន់ត្យាហ្គោ ហ្សាលីត ស៊ីនថ្លា (Santiago Xalitzintla) កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។

អាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃទី ២១ ខែឧសភា បានបង្កើនកម្រិតព្រមានសម្រាប់ភ្នំភ្លើង ប៉ូប៉ូខាតេប៉ែល (Popocatepetl) ដល់មួយជំហានក្រោមពណ៌ក្រហម។ ការប្រកាសអាសន្ន ខណៈផ្សែង ផេះ និងថ្មរលាយបានហុយឡើងលើមេឃ ដែលបង្កហានិភ័យដល់អាកាសចរណ៍ និងសហគមន៍ឆ្ងាយៗនៅខាងក្រោម។

ភ្នំភ្លើងដែលមានកម្ពស់ ជាង៥ពាន់ម៉ែត្រនេះ មានចំងាយត្រឹមតែ ជាង៧០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងម៉ិកស៊ិកូ ប៉ុន្តែវាស្ថិតនៅជិតតំបន់ភាគខាងកើតនៃតំបន់ទីប្រជុំជន ដែលជាជម្រករបស់មនុស្សចំនួន ២២ លាននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ