កំណត់ត្រាថ្មី! ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២២,៧៨២នាក់ករណី និងស្លាប់១៤៧នាក់បន្ថែមទៀត របាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២២,៧៨២ករណី និងស្លាប់១៤៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bangkok Post។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២២.៤០៧ករណីជាប្រជាជនទូទៅ និង ៣៧៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២៣.៦៤៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។
ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៨១០.៩០៨ករណី ក្នុងនោះមានអ្នកជំងឺ៥៩៦.៣៧៥នាក់បានជាសះស្បើយឡើងវិញ ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨៣៩.៧៧១ករណី និងអ្នកជំងឺ៦២៣.៨០១នាក់បានជាសះស្បើយឡើងវិញ ។
ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦.៨៤៨នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦.៩៤២នាក់ ៕RT