ព្រុចសែល៖ រដ្ឋសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀងលើការកំណត់តម្លៃ ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល លើតម្លៃប្រេងឆៅរបស់រុស្ស៊ី ខណៈការសម្រេចចិត្តនេះ ត្រូវបានអនុម័តជាផ្លូវការ ជាមួយនឹងនិតិវិធីជាលាយលក្ខណ៍អក្សរហើយ។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៣ ធ្នូ ២០២២។
ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវចេញផ្សាយនៅក្នុងបណ្តាញសារព័ត៌មានស្របច្បាប់សហភាពអឺរ៉ុប ក្នុងថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ស្ថិតក្រោមការកំណត់តម្លៃខាងលើនេះ ការធានារ៉ាប់រង ហិរញ្ញវត្ថុ និងសេវាកម្មផ្សេងទៀតសម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី នឹងត្រូវបានហាមឃាត់ប្រសិនបើប្រេងរុស្ស៊ីលក់លើសពីតម្លៃ ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល។
ស្របពេលជាមួយគ្នានេះដែរ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋឌូម៉ាដែលជាសភាជាន់ទាបនៃសភាសហព័ន្ធរបស់ប្រទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី កាលពីថ្ងៃសុក្រសប្តាហ៍នេះថា សហភាពអឺរ៉ុបកំពុងធ្វើឱ្យអន្តរាយដល់ផ្នែកសន្តិសុខថាមពលរបស់ប្រទេសខ្លួន។
គួរបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេស G7 បានឯកភាពគ្នាកាលពីខែកញ្ញាកន្លងទៅ ដើម្បីកំណត់តម្លៃលើប្រេងរបស់រុស្ស៊ី។ ហើយជាការឆ្លើយតបនោះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Alexander Novak បានហៅផែនការរបស់ G7 ថា ជាការរំលោភបំពានទាំងស្រុង និងថា ប្រទេសរបស់លោកនឹងមិនផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ និងឧស្ម័នដល់ប្រទេសទាំងឡាយណា ដែលគាំទ្រផែនការនេះ ហើយបានព្រមានថា វិធានការណ៍នេះ អាចនឹងបំផ្លាញទីផ្សារប្រេងទូទាំងពិភពលោក៕