ចិន៖ ប្រទេសចិនបាននិយាយថា ការចំណាយខាងយោធារបស់ខ្លួននឹងកើនឡើងដល់ដំណាក់កាលឆាប់រហ័សបំផុតក្នុងរយៈពេល ៤ឆ្នាំ ដោយព្រមានពីការគំរាមកំហែងចេះតែកើនឡើងពីខាងក្រៅ នៅកិច្ចប្រជុំនៅសភាប្រថាប់ត្រារបស់ខ្លួនដែលនឹងផ្ដល់អំណាចដល់លោក Xi Jinping កាន់តំណែងអាណត្តិទី៣ ជាប្រធានាធិបតីរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France24 នៅថ្ងៃទី០៦ មីនា ២០២៣។
ការបង្កើនកញ្ចប់ថវិកាការពារជាតិធំបំផុតទី២ របស់ពិភពលោកនេះបានកើតឡើង ខណៈទីក្រុងប៉េកាំងបានប្រកាសគោលដៅកំណើនសេដ្ឋកិច្ចប្រមាណ ៥% សម្រាប់ឆ្នាំនេះ មួយក្នុងចំណោមកំណើនទាបបំផុតរបស់ខ្លួនរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
កញ្ចប់ថវិកាយោធាដែលបានគ្រោងទុករបស់ប្រទេសនេះ ឆ្នាំនេះបានធ្វើឲ្យការចំណាយខាងវិស័យការពារជាតិឡើងដល់ ១.៥៥កោដិយ័នស្មើ ២២៥ពាន់លានដុល្លារអាមេរិកកើនឡើង ៧.២% និងជាអត្រាកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ២០១៩ មក។ កាលពីឆ្នាំមុនប្រទេសនេះបានបង្កើនជាផ្លូវការដល់ ៧.១%។
គួរបញ្ជាក់ផងដែរថា ចិនបានបង្កើនសកម្មភាពយោធាទ្រង់ទ្រាយធំមិនធ្លាប់មានទាំងក្នុងសមុទ្រ និងអាកាសជុំវិញកោះតៃវ៉ាន់ រួមទាំងការបាញ់មីស៊ីលបាលីស្ទីក៕