ប៉េកាំង៖ ប្រទេសចិនមានបំណងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនដល់ ៩០០គ្រាប់ នៅឆ្នាំ ២០៣៥ ដែលជាការរារាំងប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១២ កុម្ភៈ ២០២៣។
សារព័ត៌មានជប៉ុនក្យូដូ (Kyodo) ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីប្រទេសចិនផ្ទាល់ បានអះអាងថា លោកប្រធានាធិបតី ស៉ី ជិនពីង បានយល់ព្រមរួចហើយនូវផែនការដើម្បីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះទ្វេដង។
ប្រភពដដែលបានបន្តថា មេទ័ពកំពូលនៃកងទ័ពរំដោះប្រជាជនចិនបានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការរារាំងនុយក្លេអ៊ែរក្នុងខែវិច្ឆិកា។ ក្រុមមន្រ្តីយោធាជាន់ខ្ពស់ចិន បានសន្មត់យ៉ាងដូច្នោះ ក្រោយមើលឃើញសង្រ្គាមនៅអ៊ុយក្រែន ជាទីដែលក្រុមប្រទេសលោកខាងលិច ទោះបីជាបានខិតខំផ្តល់អាវុធ ថវិកា ការបណ្តុះបណ្តាល និងព័ត៌មានចារកម្មឱ្យដល់ទីក្រុងកៀវយ៉ាងសកម្មក៏ដោយ នៅតែមិនហ៊ានប្រឈមមុខផ្ទាល់ ជាមួយរុស្ស៉ីឡើយ ដោយសារតែចំនួនក្បាលគ្រាប់នុយក្លេអ៊ែរច្រើនបំផុត នៅលើពិភពលោក របស់ទីក្រុងមូស្គូ។
ប្រភពរបស់សារព័ត៌មាន Kyodo បានអះអាងថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន ទំនងជានឹងកើនពីចំនួនបច្ចុប្បន្នគឺខ្ទង់៤០០គ្រាប់ ដល់ ៥៥០គ្រាប់នៅឆ្នាំ២០២៧ ហើយបន្តឡើងដល់៩០០គ្រាប់ នៅឆ្នាំ២០៣៥។ ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរបញ្ចកោណអាមេរិកក៏បានធ្វើការប៉ាន់ប្រមាណ លើការកើនឡើងនៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនផងដែរ ដោយថានៅឆ្នាំ២០៣៥ ចិននឹងបង្កើនក្បាលគ្រាប់ដល់ ១,៥០០គ្រាប់។
យ៉ាងណាមិញ ចំនួននេះនឹងនៅតិចជាងឆ្ងាយ បើប្រៀបធៀបជាមួយរុស្ស៉ីនិងសហរដ្ឋអាមេរិក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥,៩៧៧គ្រាប់ ហើយនិង៥,៤២៨គ្រាប់ ដោយយោងតាមការប៉ាន់ស្មានរបស់ វិទ្យាស្ថានស្រាវជ្រាវ Stockholm International Peace Research Institute៕
គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងចាប់តាំងពីខែសីហា នៅពេលដែលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់៕RT