បរទេស៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) លោក រ៉ាហ្វែល ហ្រ្គូស៊ី បានថ្កោលទោសចំពោះទង្វើ «មិនសមាមាត្រ និងមិនធ្លាប់មាន» របស់អ៊ីរ៉ង់ ក្នុងការរារាំងអ្នកត្រួតពិនិត្យជាច្រើនដែលភ្នាក់ងារបានចាត់តាំងឱ្យធ្វើការនៅក្នុងប្រទេសនេះមិនឱ្យចូលរួមការត្រួតពិនិត្យសកម្មភាពបរមាណូរបស់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៧ កញ្ញា ២០២៣។

ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ចេញចំណាត់ការដូចនោះ ដើម្បីជាការឆ្លើយតបទៅនឹងការអំពាវនាវមួយក្រុមប្រឹក្សាភិបាលរបស់ IAEA ដែលដឹកនាំដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ សុំឱ្យអ៊ីរ៉ង់សហការភ្លាមៗជាមួយទីភ្នាក់ងារលើបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។

ក្រសួងការបរទេសអ៊ីរ៉ង់ហៅការអំពាវនាវនោះថា ធ្វើឡើងបម្រើឱ្យផលប្រយោជន៍នយោបាយរបស់ប្រទេសលោកខាងលិច។ ប៉ុន្តែលោក ហ្រ្គូស៊ី ហៅចំណាត់ការរបស់អ៊ីរ៉ង់ថា ជាការប្រតិកម្មហួសហេតុ។

លោក ហ្រ្គូស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា ៖ «ខ្ញុំថ្កោលទោសយ៉ាងខ្លាំង ចំពោះវិធានការឯកតោភាគីដែលគ្មានសមាមាត្រ និងមិនធ្លាប់មានពីមុនមក ដែលប៉ះពាល់ដល់ការធ្វើផែនការធម្មតា និងសកម្មភាពត្រួតពិនិត្យរបស់ទីភ្នាក់ងារនៅអ៊ីរ៉ង់ ហើយខុសពីកិច្ចសហប្រតិបត្តិការដែលគួរតែមានរវាងទីភ្នាក់ងារ និងអ៊ីរ៉ង់»។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងចំពេលមានភាពតានតឹងយូរអង្វែងរវាងក្រុងតេអេរ៉ង់ និង IAEA ដែលមានភារកិច្ចត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈបណ្តាប្រទេសលោកខាងលិចសង្ស័យថា អ៊ីរ៉ង់មានបំណងផលិតអាវុធនុយក្លេអ៊ែរ ទោះបីជាអ៊ីរ៉ង់ច្រានចោលម្ដងហើយម្ដងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនធ្វើឡើងដោយសន្តិភាពក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ