លោក គីម ជុងអ៊ុន អំពាវនាវឱ្យកងទ័ពពន្លឿនការត្រៀមខ្លួនសម្រាប់សង្គ្រាម និងកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យគណបក្សរបស់គាត់ បង្កើនការត្រៀមខ្លួនសម្រាប់សង្គ្រាម ក្នុងនោះរួមមានទាំងការពន្លឿនកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ធ្នូ ២០២៣។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអត្ថាធិប្បាយបែបនេះ នៅក្នុងកិច្ចប្រជុំចុងឆ្នាំដែលកំពុងបន្តរបស់កូរ៉េខាងជើង ជាទីដែលលោក គីម ត្រូវបានគេរំពឹងថា នឹងបង្ហាញការសម្រេចចិត្តពីគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើងបានរាយការណ៍ថា លោក គីម បានស្នើឱ្យបង្កើនល្បឿនត្រៀមខ្លួនសម្រាប់សង្រ្គាមនៅទូទាំងវិស័យ រួមទាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការការពារស៊ីវិល។
បន្ថែមលើនេះ លោក គីម បានសង្កត់ធ្ងន់ថា ស្ថានភាពយោធានៅលើតំបន់ឧបទ្វីបកូរ៉េ បានធ្លាក់ជ្រៅក្នុងភាពតានតឹងខ្លាំងបំផុត ដោយសារតែការប្រឈមមុខដាក់គ្នាមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងកូរ៉េខាងជើងពីសំណាក់សហរដ្ឋអាមេរិក។
គួរកត់សម្គាល់ថា អ្វីដែលជាសមិទ្ធិផលដ៏លេចធ្លោរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ នោះគឺបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យ និងបានលើកតម្កើងឋានៈប្រទេសរបស់ខ្លួន ជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ។
ជាការឆ្លើយតប កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការបាញ់សាកល្បងអាវុធដ៏ទៃទៀតដោយកូរ៉េខាងជើង៕ RT