ជប៉ុនថាការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima អាចចំណាយពេល ៣០ឆ្នាំ
តូកក្យូ៖ ជាមួយនឹងការចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima-Daiichi កាលពីថ្ងៃទី២៤ សីហា ជប៉ុនបានបញ្ជាក់ឲ្យដឹងថា ការបញ្ចេញទឹកពីរោងចក្រ Fukushima អាចចំណាយពេល រហូតដល់ទៅ៣០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៥ មិថុនា ២០២៣។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK បានចេញផ្សាយថា «ជុំទីមួយនៃការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima គ្រោងនឹងធ្វើឡើង រយៈពេល១៧ថ្ងៃ»។ ប្រភពបញ្ជាក់ទៀតថា « ដំណើរការពេញលេញអាចចំណាយពេល យ៉ាងហោចណាស់ ៣០ ឆ្នាំដើម្បីបញ្ចប់»
ប្រភពបានបន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុនសម្រេចធ្វើរឿងនេះ គឺចាំបាច់ដើម្បីរុះរើរោងចក្រដែលបានរងការរលាយបីដង បន្ទាប់ពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិ ខែមីនា ឆ្នាំ២០១១។ ចាប់តាំងពីពេលនោះមក ទឹកភ្លៀង និងទឹកក្រោមដីបានលាយឡំជាមួយនឹងទឹកដែលប្រើសម្រាប់ធ្វើឱ្យប្រេងឥន្ធនៈរលាយនៅរោងចក្រ។
ប្រភពបន្តថា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ថា TEPCO គ្រោងនឹងបញ្ចេញទឹកចំនួន ៣១,២០០ តោន ក្នុងឆ្នាំសារពើពន្ធនេះ ដែលស្មើនឹងប្រមាណ ៣០ ធុង។
គូរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ប្រទេសជប៉ុនផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima-Daiichi ជារោងចក្រដែលរងការខូចខាតអំលុងមហន្តរាយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ឆ្នាំ២០១១ នេះបើតាមក្រុមហ៊ុន TEPCO ។
យ៉ាងណាក្តី ប្រទេសជិតខាងមួយចំនួនរបស់ជប៉ុន ក៏បានបង្ហាញក្តីបារម្ភនិងបញ្ចេញមតិរិះគន់ ជុំវិញសុវត្ថិភាពនៃការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ទីក្រុងតូក្យូផងដែរ ក្នុងនោះ រួមមានកូរ៉េខាងត្បូង និងចិន ជាដើម។ ក្រៅពីនេះ ក៏មានសកម្មជនធ្វើបាតុកម្មតវ៉ា ចំពោះសកម្មភាពនេះផងដែរ ដោយបារម្ភពីផលនេសាទ និងបរិស្ថាន៕