អាមេរិក៖ ក្រុមយោធាអាមេរិកបានប្រកាសឱ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបញ្ជូននាវាមុជទឹកដែលមានសមត្ថភាពបាញ់មីស៊ីលនុយក្លេអ៊ែរទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ។ នេះគឺជាសកម្មភាពមួយដែលអាមេរិកទំនងជាមានបំណងចង់បង្ហាញភាពខ្លាំងរបស់ខ្លួន និងមានចេតនាចង់ជួយគ្រប់គ្រងភាពតានតឹងក្នុងអំឡុងពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងតែបន្ត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី ០៧ វិច្ឆិកា ២០២៣។

នាវាមុជទឹកមួយគ្រឿងបានធ្វើដំណើរទៅដល់តំបន់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលគ្របដណ្តប់នៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម X ដោយបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ឬហៅកាត់ថា CENTCOM។

គួរកត់សម្គាល់ថា ការបង្ហោះសាររបស់អង្គភាពការពារជាតិអាមេរិកនេះ ហាក់ដូចជាបានបង្ហាញរូបភាពនៃនាវាមុជទឹកកំពុងធ្វើដំណើរនៅលើប្រឡាយស៊ុយអេ (Suez) ដែលច្រកចូលផ្លូវទឹកមួយដ៏សំខាន់នៅតំបន់មជ្ឈិមបូព៌ា។ ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា រវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងតំបន់ បានដាក់ពង្រាយកងកម្លាំងយោធាសំខាន់ៗ រួមទាំងនាវាផ្ទុកយន្តហោះពីរគ្រឿង និងយន្តហោះចម្បាំងជាច្រើនគ្រឿង។

យោងតាមការប្រកាសរបស់ក្រុមយោធាអាមេរិកដដែលបានបញ្ជាក់ថា ទាហានអាមេរិកប្រហែល ១០០០ នាក់នឹងត្រូវបានបញ្ជូនទៅកាន់ទីនោះផងដែរ រួមជាមួយនឹងកងកុម្ម៉ង់ដូប្រតិបត្តិការពិសេសជាច្រើនទៀតដែលកំពុងផ្ដល់ការពិគ្រោះយោបល់ដល់យោធាអ៊ីស្រាអែលក្នុងប្រតិបត្តិការរបស់ពួកគេនៅតំបន់ហ្កាហ្សា។

ជាងនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោនក៏កំពុងជួយពង្រឹងវិស័យការពារជាតិរបស់សម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់ឈូងសមុទ្រនៅមជ្ឈិមបូព៌ាទាំងមូល។ ជាក់ស្ដែង អាមេរិកកំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលដែនអាកាសដែលមានឈ្មោះថា Terminal High Altitude Area Defense (THAAD) ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាសដែលមានឈ្មោះថា Patriot ទៅកាន់ប្រទេសគុយវ៉ែត ហ្ស៊កដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ