ប្រមុខការទូតអ៊ីរ៉ង់ព្រមានសងសឹកវិញ ប្រសិនបើសហភាពអឺរ៉ុបដាក់បញ្ចូលឈ្មោះឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចូលក្នុងបញ្ជីភេរវករ
អន្តរជាតិ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់បានអះអាងថា អ៊ីរ៉ង់នឹងចាត់វិធានការសងសឹក រួមទាំងការដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ប្រសិនបើសហភាពអឺរ៉ុបមិនផ្លាស់ប្តូរជំហរប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ២៣ មករា ២០២៣។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសិន អាមៀ អាប់ឌុលឡាហ៊ាន បានធ្វើការកត់សម្គាល់បែបនេះ នៅពេលឆ្លើយតបទៅនឹងសំណួរ ថាតើការដកខ្លួនរបស់អ៊ីរ៉ង់ចេញពីសន្ធិសញ្ញា NPT និងការបណ្តេញចេញក្រុមអធិការកិច្ចនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងស្ថិតក្នុងចំណោមវិធានការសងសឹករបស់ទីក្រុងតេហេរ៉ង់ដែរឬទេ ប្រសិនបើសហភាពអឺរ៉ុប (EU) បានដាក់បញ្ចូលឈ្មោះឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចូលក្នុងបញ្ជី "អង្គការភេរវករ"។
យ៉ាងណាមិញ ថ្មីៗនេះ សភាអឺរ៉ុបបានអំពាវនាវឱ្យសហភាពអឺរ៉ុបដាក់បញ្ជូលកងកម្លាំងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ទៅក្នុងបញ្ជីនៃក្រុមភេរវករ ក្រោមហេតុផលថា កងកម្លាំងដ៏មានឥទ្ធិពលនេះ បានប្រព្រឹត្តអំពើគាបសង្កត់លើក្រុមបាតុករ ហើយជាអ្នកនៅពីក្រោយការផ្គត់ផ្គង់យន្តហោះដ្រូនឱ្យរុស្ស៉ីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន៕RT