នាយកដ្ឋានព័ត៌មានវិទ្យា ៖ បច្ចុប្បន្នការប្រើប្រាស់គណនីឌីជីថល គណនីបណ្តាញសង្គម ឬគណនីលើប្រព័ន្ធអ៊ីនធឺណេតផ្សេងៗ ជាពិសេសគណនីសម្រាប់ទូទាត់សាច់ប្រាក់អនឡាញ(online payment, e-payment) នៅតែប្រឈមហានិភ័យខ្ពស់ពីការលួចជ្រៀតចូលគ្រប់គ្រងប្រើប្រាស់ពីជនអនាមិក (hacker)។ ការបង្កើតឬប្រើប្រាស់ពាក្យសម្ងាត់ (Password) សាមញ្ញពេក ខ្លីពេក ពិតជាអាចបង្កនូវហានិភ័យខ្ពស់ពីការលួចតាមរយៈការទស្សទាយ ឬបច្ចេកទេសទាញយកពីជនអនាមិក (hacker)។ ថ្ងៃនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកមកបង្ហាញនូវគន្លឹះ៦ ចំនុចក្នុងការបង្កើតពាក្យសម្ងាត់រឹងមាំ(strong password) ដូចខាងក្រោម៖

១. កុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន (personal info)៖ សូមលោកអ្នកកុំយកព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធដូចជា ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, លេខគណនីធនាគារ, អាសយដ្ឋានសារអេឡិចត្រូនិក(Email), លេខទូរសព្ទ ។ល។ ទៅប្រើប្រាស់ធ្វើជាពាក្រសម្ងាត់(password) ជាដាច់ខាត។ 

២. ប្រើពាក្យសម្ងាត់ដែលវែង (long password)៖ សូមប្រើប្រាស់ពាក្យសម្ងាត់យ៉ាងហោចណាស់ 8តួអក្សរ ឬវែងជាងនេះ គឺដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្លាំងឡើង។

៣. វិធីសាស្រ្តផ្សំអក្សរជាមួយលេខ និងនិមិត្តសញ្ញា៖ គួរប្រើប្រាស់ការផ្សំរវាង តួអក្សរធំ អក្សរតូច លេខ 

និមិត្តសញ្ញាផ្សេងៗបញ្ជូលគ្នា។ ឧទាហរណ៍៖ sCa1%&#25A, ។

៤. ជៀសវាងការប្រើពាក្យដូចក្នុងវចនានុក្រម៖  ការប្រើប្រាស់ពាក្យដែលមានអត្ថន័យដូចក្នុងវចនានុក្រមនឹងក្លាយជាពាក្យសម្ងាត់ដែលខ្សោយបំផុត។ ឧទាហរណ៍៖ wonderful1 ។

៥. កុំប្រើពាក្យសម្ងាត់ដូចគ្នាសម្រាប់គណនីផ្សេងៗគ្នា៖ ការប្រើប្រាស់ពាក្យសម្ងាត់ដូចៗគ្នាសម្រាប់គណនីផ្សេងៗគ្នានឹងផ្តល់ហានិភ័យខ្ពស់នៅពេលដែលជនអាណាមិករកឃើញពាក្យសម្ងាត់របស់គណនីណាមួយរបស់លោកអ្នក នោះ គណនីផ្សេងទៀតរបស់លោកអ្នក ក៏នឹងត្រូវបាត់បង់ទាំងអស់។

៦. ប្រើប្រាស់កម្មវិធីបង្កើតពាក្យសម្ងាត់រឹងមាំ (Strong password Generator)៖ ការប្រើប្រាស់ពាក្យសម្ងាត់ដោយកម្មវិធីបង្កើតពាក្រសម្ងាត់រឹងមាំ គឺជាប្រភេទពាក្សសម្ងាត់ដែលរឹងមាំបំផុត។ លោកអ្នកអាចសាកល្បងប្រើប្រាស់កម្មវិធីបង្កើតពាក្យសម្ងាត់រឹងមាំ (Password Generator) ដើម្បីជាជំនួយ ប៉ុន្តែលោកអ្នកត្រូវប្រាកដថាបានរក្សាទុកពាក្យសម្ងាត់នោះទៅកន្លែងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ជាការចាំបាច់៕

#CyberSecurity  #internet  #Security #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ