អង្គការសុខភាពពិភពលោក៖ ករណីឆ្លងជំងឺអុតស្វាកើនឡើងខ្លាំង ក្នុងទ្វីបអាមេរិក ខណៈទ្វីបអឺរ៉ុបធ្លាក់ចុះ
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានបញ្ជាក់ថា ទ្វីបអាមេរិកបានជំនួសទ្វីបអឺរ៉ុបជាតំបន់ ដែលមានករណីឆ្លងខ្ពស់បំផុត ដោយច្រើនជាងពីរភាគបី នៃករណីឆ្លងជំងឺអុតស្វាត្រូវបានបញ្ជាក់ជាសកលក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៦ សីហា ២០២២។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេសឹស បានប្រាប់អ្នកសារព័ត៌មានថា ក្នុងសប្តាហ៍មុនពោល គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា ចំនួនករណីឆ្លងដែលត្រូវបានរាយការណ៍ជាសកលបានធ្លាក់ចុះ ២១ភាគរយ ខណៈដែលករណី ឆ្លងថ្មីបានកើនឡើងខ្លាំងនៅក្នុងទ្វីបអាមេរិក។
នៅដំណាក់កាលដំបូងនៃការផ្ទុះឡើងជំងឺអុតស្វា តំបន់អឺរ៉ុបបាន រាយការណ៍ពីចំនួនអ្នកឆ្លងច្រើនបំផុត ប៉ុន្តែក្នុងរយៈពេល ៤សប្តាហ៍ ចុងក្រោយនេះ ទ្វីបអាមេរិកមានអ្នកឆ្លងប្រហែល ៦០.៣ភាគរយ នៃករណីឆ្លងថ្មីនៅទូទាំងពិភពលោក បើធៀបនឹង ៣៨.៧ភាគរយ នៅទ្វីបអឺរ៉ុប។
ជាមួយគ្នានេះ អង្គការ WHO បានលើកទឹកចិត្តប្រទេសទាំងអស់ឱ្យ ធ្វើការសិក្សាអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺអុតស្វា និងបង្កើន លទ្ធភាពទទួលបានវ៉ាក់សាំងនេះផងដែរ។
គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសចំនួន ១០ បានរាយការណ៍អំ ពីចំនួនករណីឆ្លងកើនឡើងខ្ពស់បំផុតនៅទូទាំងពិភពលោក។
ក្នុងនោះមានសហរដ្ឋអាមេរិក អេស្ប៉ាញ ប្រេស៊ីល អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា ហូឡង់ ប៉េរូ និងព័រទុយហ្គាល់។ ប្រទេសទាំងនេះរ៉ាប់រងរហូតដល់ ៨៨,៩ភាគរយនៃករណីឆ្លង ជំងឺ អុតស្វាដែលត្រូវបានរាយការណ៍នៅទូទាំងពិភពលោក៕RT