ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គា ឌូទើតេ បានព្រមានថា នឹងដាក់គុកអ្នកដែលបដិសេដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដែលប្រទេសខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមួយក្នុងតំបន់អាស៊ី ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ 

លោក ឌូទើតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅថ្ងៃចន្ទនេះថា អ្នកជ្រើសរើសទៅ រវាងវ៉ាក់សាំង ឬអោយខ្ញុំចាប់ដាក់គុក ។ លោកបាននិយាយបែបនេះ ក្រោយមានរបាយការណ៍អំពីចំនួនអ្នកចេញទៅចាក់វ៉ាក់សាំងទាប ក្នុងរដ្ឋធានីម៉ានីល ។ 

លោកបន្ថែមថា ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីនដែលមិនយកចិត្តទុកដាក់លើរដ្ឋាភិបាលប៉ុណ្ណោះ ។ ការលើកឡើងរបស់លោក ឌូទើតេ គឺផ្ទុយពីការបញ្ជាក់របស់មន្រ្តីសុខាភិបាលហ្វីលីពីន ដែលថា ទោះប្រជាជនត្រូវបានគេជំរុញឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ក៏ដោយ តែវាជាការស្ម័គ្រចិត្ត ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា កន្លងទៅ ហ្វីលីពីនបានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនចំនួន២.១លាននាក់ ដែលនេះបង្ហាញពីកម្មវិធីចាក់វ៉ាក់សាំងយឺតយ៉ាវ ខណៈរដ្ឋាភិបាលមានគោលដៅចាក់ដល់ប្រជាជនរហូតដល់ទៅ៧០លាននាក់ ក្នុងចំណោមប្រជាជន១១០លាននាក់របស់ខ្លួននៅឆ្នាំ២០២១នេះ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ