មនុស្ស៩០នាក់ បានស្លាប់ ក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន ចាបាលីយ៉ា នៅហ្កាហ្សា
អន្តរជាតិ៖ មនុស្សយ៉ាងហោចណាស់ ៩០ នាក់បានស្លាប់ និងជាង១០០ នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) នៅភាគខាងជើងក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ក្រសួងសុខភាពរបស់តំបន់រងការឡោមព័ទ្ធហ្កាហ្សា បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យបានប៉ះចំប្លុកអគារលំនៅដ្ឋានមួយ ជាកម្មសិទ្ធិរបស់គ្រួសារ លោក អាល់បាស(al-Barsh)និងអ្នកស្រី អាល់វ៉ាន់(Alwan)ក្នុងទីក្រុង Jabalia ។
ក្រុមគ្រូពេទ្យនៅតំបន់ ឌៀ អេល បាឡា ( Deir el-Balah) ភាគកណ្តាលហ្កាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១២នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ចំណែកនៅទីក្រុង Rafah ភាគខាងត្បូង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយខ្នង បានបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់។
យ៉ាងណាមិញ ពលរដ្ឋប៉ាឡេស្ទីនប្រហែល ១៩.០០០នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែល និយាយថាមនុស្ស ១.១៤៧នាក់ បានស្លាប់ នៅលើទឹកដីរបស់ខ្លួននៅថ្ងៃជាមួយគ្នានោះ៕