សៀងហៃ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា ប្រទេសរបស់លោកមានឆន្ទៈពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក លោក អាឡិចសាន់ឌើ ឌឺគ្រូ នារដ្ឋធានីប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ មករា ២០២៤។

លោក ឌឺគ្រូ ធ្វើដំណើរមកដល់ប្រទេសចិន ដោយបានចូលរួមក្នុងពិធីសម្ពោធស្ថានទូតប៊ែលហ្ស៊ិកថ្មីក្នុងទីក្រុងប៉េកាំង ហើយនៅថ្ងៃដដែល លោកក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ផងដែរ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក លោក អាឡិចសាន់ឌើ ឌឺគ្រូ នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅឯមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងថា ចិនមានឆន្ទៈធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ការរីកចម្រើន ក្នុងទំនាក់ទំនងចិន-សហភាពអឺរ៉ុបក្នុងឆ្នាំថ្មីនេះ។

លោក ស៊ី បានគូសបញ្ជាក់ថា នៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ច្របូកច្របល់, ចាំបាច់ត្រូវសាងសង់ស្ពានទំនាក់ទំនងបន្ថែមទៀតរវាងចិន និងអឺរ៉ុប ហើយថា ភាគីទាំងពីរគួរតែរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។

ចំណែកលោក ឌឺគ្រូ បានបង្ហោះលើបណ្តាញសង្គម X ថា លោកក៏បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លី ឈាង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមរួមរបស់ប្រទេសទាំងពីរ ព្រមទាំងការប្រែប្រួលអាកាសធាតុ, ការការពារសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ឬការការពារជំងឺរាតត្បាតនាពេលអនាគត។

បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ ដែលនេះជាបញ្ហាធ្វើឱ្យទំនាក់ទំនងចិន និងអឺរ៉ុបតានតឹង ជុំវិញការបដិសេធរបស់ទីក្រុងប៉េកាំង ក្នុងការថ្កោលទោសទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ចិន និងសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់គ្នាទៅវិញទៅមក ដែលសម្រេចបានលំហូរពាណិជ្ជកម្មទ្វេភាគីចំនួន ៨៤៧,៣ពាន់លានដុល្លារ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ