អន្តរជាតិ៖ អង្គការណាតូ (NATO) បាននិយាយថាសម្ព័ន្ធមិត្តរបស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំជាមួយអ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងបន្តផ្តល់ឱ្យប្រទេសនូវជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ដ៏សំខាន់ក្នុងការប្រឈមមុខនឹងការឈ្លានពានជិតពីរឆ្នាំរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១១ មករា ២០២៤។

អគ្គលេខាធិការអង្គការណាតូ លោក ចេនស៍ ស្តុលថេនប៊ឺក (Jens Stoltenberg) បាននិយាយថា «អង្គការណាតូ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ទៅលើជនស៊ីវិលអ៊ុយក្រែន រួមទាំងអាវុធពីកូរ៉េខាងជើង និងអ៊ីរ៉ង់។

នៅពេលដែលទីក្រុងមូស្គូ បង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងនានា និងជនស៊ីវិលរបស់អ៊ុយក្រែន សម្ព័ន្ធមិត្តណាតូ កំពុងបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែន»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីសន្និសីទតាមវីដេអូ អង្គការណាតូបានបន្ថែមថា រដ្ឋជាសមាជិកបានគូសបញ្ជាក់ពីផែនការក្នុងការផ្តល់ «សមត្ថភាពបន្ថែមរាប់ពាន់លានអឺរ៉ូ» នៅឆ្នាំ២០២៤ ដល់អ៊ុយក្រែន។

យ៉ាងណាមិញ រុស្ស៊ីបានបង្កើនការវាយប្រហារកាន់តែខ្លាំងក្នុងអំឡុងពេលចូលឆ្នាំថ្មី ហើយបានវាយលុកទីក្រុងធំជាងគេចំនួនពីររបស់អ៊ុយក្រែន គឺទីក្រុងគីវ និងទីក្រុងខាគីវ (Kharkiv) កាលពីដើមខែនេះក្នុងការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងក្លាជាថ្មី៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ