ប្រាទីស្លាវ៉ា៖ មន្ដ្រីការពារជាតិរបស់ស្លូវ៉ាគី លោក Robert Kalinak និយាយថា ស្លូវ៉ាគីនឹងផ្អាកការបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៅកាន់អ៊ុយក្រែន ខណៈរដ្ឋាភិបាលស្លូវ៉ាគីកំពុងទាមទារឱ្យកែប្រែនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្ដិសុខជាមួយសហរដ្ឋអាមេរិក ដើម្បីឱ្យច្បាស់ថា កិច្ចព្រមព្រៀងនេះនៅតែបន្ដផ្ដល់ “ផលប្រយោជន៍រួម” សម្រាប់ប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ២៨ តុលា ២០២៣។

មន្ដ្រីការពារជាតិរបស់ស្លូវ៉ាគី លោក Robert Kalinak បានគូសបញ្ជាក់ថា ស្លូវ៉ាគីកំពុងទទួលបរាជ័យលើការអនុវត្តគោលនយោបាយការបរទេស និងការពារជាតិរបស់ខ្លួន។ កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកបច្ចុប្បន្ន គឺត្រូវបានរៀបរៀងឡើងដោយ “មិនត្រឹមត្រូវ” ហើយកំពុងធ្វើឱ្យស្លូវ៉ាគីត្រូវបោះបង់ចោលនូវគ្រឿងសព្វាវុធ និងគ្រាប់រំសេវ ដែលជាតម្រូវការសំខាន់។

ដូច្នេះ រដ្ឋាភិបាលថ្មីរបស់ស្លូវ៉ាគី នឹងធ្វើសកម្មភាពដោយផ្អែកទៅលើផលប្រយោជន៍របស់ប្រជាជាតិខ្លួនជាធំ។ ប្រទេសស្លូវ៉ាគីបានសម្រេចផ្អាកជាផ្លូវការនូវការផ្ដល់ជំនួយយោធាណាមួយដល់អ៊ុយក្រែន ក្រោយពេលគណបក្សប្រជាធិបតេយ្យសង្គមស្លូវ៉ាគីទទួលបានជ័យជំនះក្នុងការបោះឆ្នោតសភា កាលពីខែកញ្ញា។ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ប្ដេជ្ញាថា នឹងពុំមានគ្រឿងសព្វាវុធណាមួយត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនទៀតឡើយ។

លោកក៏បានចោទសួរជាថ្មីម្ដងទៀត អំពីការផ្តល់ជំនួយ ដែលមិនធ្លាប់មានពីមុនមករបស់សហភាពអឺរ៉ុបចំពោះទីក្រុងកៀវ ហើយបដិសេធចំពោះសំណើថវិកាថ្មីចំនួន ៥០ពាន់លានអឺរ៉ូ ដោយបញ្ជាក់ថា ស្លូវ៉ាគីនឹងយល់ព្រមក្នុងការបង្កើនការរួមចំណែកបន្ថែមដល់អឺរ៉ុប លុះត្រាណាតែសហភាពអឺរ៉ុបអាចធានាឱ្យបានថា ថវិកាទាំងនោះនឹងមិនត្រូវបានកិបកេងដោយរដ្ឋាភិបាលអ៊ុយក្រែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ