បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងជួបប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅសេតវិមាន នៅថ្ងៃពុធ សប្តាហ៍នេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ AFP នៅថ្ងៃទី១១ វិច្ឆិកា ២០២៤។

លោក Joe Biden បានប្រាប់បែបនេះ ក្នុងពេលដែលលោកបានដើរចាកចេញពីព្រះវិហារមួយកន្លែង នៅឆ្នេរ Rehoboth រដ្ឋ Delaware កាលពីថ្ងៃអាទិត្យ។ សេតវិមាន Karine Jean-Pierre តាមរយៈសេចក្តីថ្លែងការណ៍មួយ បង្ហាញថា អ្នកទាំងពីរនឹងជួបគ្នា នៅម៉ោង ១១ព្រឹក តាមការអញ្ជើញរបស់ Biden ដោយបន្ថែមថា ព័ត៌មានលម្អិតអំពីកិច្ចប្រជុំនឹងត្រូវចេញផ្សាយ។

មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា លោក Biden បាននិយាយជាមួយ Trump នៅថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោត ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់លោក លើអនុប្រធានាធិបតី លោកស្រី Kamala Harris និងអញ្ជើញលោក ទៅសេតវិមាន។

មន្ត្រីរូបនេះបាននិយាយ កាលពីថ្ងៃពុធថា «ប្រធានាធិបតី Biden បានសម្តែងការប្តេជ្ញាចិត្តរបស់លោក ក្នុងការធានាឱ្យមានការផ្លាស់ប្តូរ ដោយរលូន និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើការ ដើម្បីនាំប្រទេសឱ្យរួបរួមគ្នា»៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ