តេហេរ៉ង់៖ រដ្ឋមន្ត្រីអ៊ីរ៉ង់មួយរូបនិយាយថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវមួយទៅកាន់ទីអវកាស ដោយដាក់វាចូលទៅក្នុងគន្លងតារាវិថីកាន់តែឆ្ងាយ បើទោះបីជាត្រូវប្រឈមមុខនឹងការរិះគន់ពីប្រទេសលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ មករា ២០២៤។
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍អ៊ីរ៉ង់ លោក Issa Zarepour និយាយថា ផ្កាយរណបត្រូវបានបញ្ជូនទៅក្នុងគន្លងតារាវិថីចម្ងាយ ៧៥០គីឡូម៉ែត្រពីលើផែនដី តាមរយៈរ៉ុក្កែត Ghaem-100 ដែលផលិតដោយអង្គការអវកាសនៃឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពល។
ប្រទេសអ៊ីរ៉ង់និយាយថា ការបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែតរបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិល ឬការពារប៉ុណ្ណោះ ហើយបដិសេធនូវមហិច្ឆតាណាមួយ ក្នុងការអភិវឌ្ឍន៍សមត្ថភាពអាវុធនុយក្លេអ៊ែរ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA រាយការណ៍ថា ផ្កាយរណប Soraya របស់អង្គការអវកាសអ៊ីរ៉ង់ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ តាមរយៈផ្កាយរណប Ghaem-100 នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម។ នេះជាលើកដំបូងហើយ ដែលអ៊ីរ៉ង់ជោគជ័យ ក្នុងការបញ្ជូនផ្កាយរណបទៅក្នុងគន្លងតារាវិថី ដែលមានកម្ពស់ឆ្ងាយជាង ៥០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្រមានអ៊ីរ៉ង់ម្តងហើយម្តងទៀត ប្រឆាំងនឹងការបាញ់បង្ហោះផ្កាយរណបបែបនេះ ដោយនិយាយថា បច្ចេកវិទ្យាដូចគ្នានេះអាចត្រូវបានប្រើប្រាស់សម្រាប់មីស៊ីលផ្លោង រួមទាំងឧបករណ៍ដែលរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ៕