កូរ៉េខាងជើងនិយាយថា ការបាញ់បង្ហោះផ្កាយរណបចារកម្មទទួលបានជោគជ័យ
ព្យុងយ៉ាង៖ កូរ៉េខាងជើងបាននិយាយ នៅថ្ងៃទី២២ ខែវិច្ឆិកាថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់ផ្កាយរណបចារកម្មយោធា នៅលើគន្លង បន្ទាប់ពីការបរាជ័យ ពីរលើកមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ វិច្ឆិកា ២០២៣។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា «គ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបបានបាញ់បង្ហោះ កាលពីយប់ថ្ងៃអង្គារ សប្តាហ៍នេះ ចេញពីខេត្ត North Phyongan ដោយបានហោះតាមគន្លង ដែលបានកំណត់ ហើយបានបាញ់បញ្ជូនផ្កាយរណបឈ្លបយកការណ៍ ‘Malligyong-1’ នៅលើគន្លងរបស់វា យ៉ាងត្រឹមត្រូវ» ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ទីតាំងបាញ់បង្ហោះផ្ទាល់ ហើយលោកបានអបអរសាទរដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសទាំងអស់ ដែលនៅពីក្រោយបេសកកម្មជោគជ័យនេះ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកបានប្រកាសប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន មានដូចជា ជប៉ុន និងកូរ៉េខាងត្បូង ជាដើម រួមគ្នាថ្កោលទោសយ៉ាងឆាប់រហ័ស ចំពោះការបាញ់បង្ហោះនេះ ដោយអះអាងថា «វាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយបាននិយាយថា ការបង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងបែបនេះ អាចធ្វើឲ្យតំបន់ មានអស្ថិរភាព។
មុនពេលជោគជ័យលើកនេះ កូរ៉េខាងជើងក៏ធ្លាប់បានប៉ុនប៉ងបញ្ជូនផ្កាយរណបចារកម្មនេះ ទៅក្នុងគន្លង កាលពីខែឧសភា និងខែសីហាដែរ ក៏ប៉ុន្តែ ទទួលបរាជ័យ។ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានព្រមានម្តងហើយម្តងទៀតថា ទីក្រុងព្យុងយ៉ាងមិនអាចបន្តការបាញ់បង្ហោះផ្សេងទៀត ដែលវានឹងបំពានលើដំណោះស្រាយជាបន្តបន្ទាប់ នៃអង្គការសហប្រជាជាតិ៕