មូស្គូ៖ ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូសម៉ូស (Roscosmos) បានរាយការណ៍ថា យានអវកាស Luna-25 ដែលជាបេសកកម្មភពព្រះចន្ទដំបូងបង្អស់របស់ប្រទេសរុស្ស៊ី ក្នុងរយៈពេលជិត ៥០ឆ្នាំមកនេះ បានបរាជ័យក្នុងការប៉ន់ប៉ង់ចុះចតនៅលើផ្ទៃព្រះចន្ទ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ មិថុនា ២០២៣។
ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូសម៉ូស (Roscosmos) បានបញ្ជាក់ថា យានអវកាស Luna-25 បានដាច់ការទាក់ទង បន្ទាប់ពីវាមានបញ្ហាក្នុងពេលត្រៀមចុះចតលើផ្ទៃព្រះចន្ទ។ ទីភ្នាក់ងារនេះបន្តថា យានបានធ្វើដំណើរចូលក្នុងគន្លងព្រះចន្ទដោយមិនរំពឹងទុក ហើយបានឈប់បញ្ជូនសញ្ញាមកកាន់ផែនដី ក្រោយមានការបុកទង្គិចទៅនឹងផ្ទៃព្រះចន្ទ។
ក្នុងអំឡុងពេលប្រតិបត្តិការ ស្ថានភាពមិនធម្មតាមួយបានកើតឡើងនៅលើបន្ទះស្ថានីយស្វ័យប្រវត្តិ ដែលមិនអាចអនុញ្ញាតហោះក្នុងដែនកំណត់ជាក់លាក់។
សូមបញ្ជាក់ថា មហិច្ឆតារបស់រុស្ស៊ី គឺចង់ក្លាយជាប្រទេសដំបូងគេដែលមានយានចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ក្រោមគោលដៅស្រាវជ្រាវរុករកទឹកដែលកកនៅទីនោះ។
គិតមកទល់ពេលនេះ មានតែប្រទេសចំនួន ៣ ប៉ុណ្ណោះ ក្នុងនោះមានសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៊ី) និងចិន ដែលបាននាំយកយារ៉ូបូតទៅដល់លើផ្ទៃព្រះចន្ទដោយសុវត្ថិភាព៕