ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដថ្មីៗចំនួន១៧,១៦៥ករណី និងស្លាប់២២៦នាក់ទៀត
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១៧,១៦៥ករណី និងស្លាប់២២៦នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post៕
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១៦,៩៧៣ករណីជាប្រជាជនទូទៅ និង ១៩២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២០,០៥៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។
ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន១លាន៥៥,៨៨ករណី ក្នុងនោះមានអ្នកជំងឺ៨៨ម៉ឺន១,៨២៩នាក់បានជាសះស្បើយឡើងវិញ ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១,០៨៣,៩៥១ករណី និងអ្នកជំងឺ៨៨១,៨២៩នាក់បានជាសះស្បើយឡើងវិញ ។
ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៩,៦៩៤នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៩,៧៨៨នាក់ ៕RT