ឆ្នាំនេះ ក្រសួងអប់រំប្រកាសហើយថា ការប្រលងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តិទៅនៅអំឡុងខែតុលា ២០២០ ដូច្នេះសិស្សានុសិស្សត្រៀមប្រលងកំពុងសម្រុករៀនទាំងថ្ងៃ ទាំងយប់ ជាពិសេសការរៀនសូត្រពេលយប់រមែងធ្វើឲ្យងងុយដេករំខានដល់ការសិក្សា។

តើធ្វើយ៉ាងណាដើម្បីកុំឲ្យការរៀនពេលយប់ងងុយដេក? ខាងក្រោមនេះ គឺជាបទពិសោធន៍មួយចំនួន ដែលត្រយងដកស្រង់ពីបទពិសោធន៍រៀមច្បង ដែលបានខិតខំរៀនសូត្រពេលយប់ ហើយមានគន្លឹះផ្សេងៗគ្នា តែសារព័ត៌មានត្រយងប្រមូលបានសរុបចំនួន ៨គន្លឹះ ខាងក្រោម ដែលជួយដល់ការរៀនពេលយប់មិនងងុយដេក៖

១. ឧហ្សាហ៍ផឹកទឹក៖ ការធ្វើការច្រើន រៀនច្រើនរមែងបាត់បង់ជាតិទឹក ធ្វើឲ្យអស់កម្លាំង ដូច្នេះ ការអានសៀវភៅពេលយប់ងាយនឹងឆាប់ងងុយដេក។ ដើម្បីកុំឲ្យងងុយដេក អ្នកគួរដាក់ទឹក ជាពិសេសទឹកក្ដៅអ៊ុនៗ ជាផ្នែកមួយបំពេញជាតិទឹកក្នុងខ្លួន និងរាងកាយរឹងមាំ លែងងងុយដេក។

២. លាងមុខ៖ ការសម្លឹងសៀវភៅ ឬកុំព្យូទ័រយូរធ្វើឲ្យភ្នែករបស់យើងទន់ចង់តែដេក ដូច្នេះគួរសម្រាកបន្ដិច ហើយទៅលប់លាងមុខ នឹងធ្វើឲ្យស្រឡះមុខមាត់ឡើងវិញ លែងងងុយដេក។

៣. ដើរចេញក្រៅស្រូបខ្យល់អាកាស៖ ការប្រឹងរៀនធ្វើឲ្យចុករោយភ្នែក និងខួរក្បាលហត់នឿយ ដូច្នេះគួរតែសម្រាកបន្ដិច រួចដើរចេញក្រៅ ធ្វើឲ្យរាងកាយបានសម្រាក ហើយពត់ខ្លួនចុះឡើង ស្រូបខ្យល់បរសុទ្ធ ក៏ជាផ្នែកមួយកាត់បន្ថយការងងុយដេក។

៤. អង្គុយក្នុងកាយវិការឹងមាំ៖ កុំអង្គុយបែបទោទន់តាមពេលរាត្រី អ្នកគួរតែអង្គុយតាមបែបភាពរឹងមាំ ដើម្បីពង្រឹងស្មារតីទាំងរាងកាយ និងខួរក្បាល ក៏ជាផ្នែកមួយជួយកាត់បន្ថយការងងុយដេកផងដែរ។

៥. ស្ដាប់ចម្រៀង៖ វិធីមួយទៀត គឺការស្ដាប់ចម្រៀងបែបសប្បាយរីករាយ កុំព្យាយាមស្ដាប់ចម្រៀងបែបលន្លង់លន្លោច ធ្វើឲ្យសោកសៅ កាន់តែងងុយដេក។ ប៉ុន្ដែក៏អាស្រ័យលើបុគ្គល មនុស្សខ្លះចូលចិត្តចម្រៀងលន្លង់លន្លោចក៏មិនជាថ្មីដែរ តាមចំណង់ចំណូលចិត្ត តែយ៉ាងណាស្ដាប់បទសប្បាយ ឬបទញាក់ ធ្វើឲ្យស្វាងស្មារតី អារម្មណ៍ស្រស់ស្រាយ បន្ថយការងងុយដេក។

៦. អាន ឬមើលរឿងកំប្លែង៖ អំឡុងពេលរៀនពេលយប់ស្រាប់តែមានអារម្មណ៍ងងុយដេក គួរផ្អាករៀនបន្ដិច បើមានសៀវភៅ ឬបើកទូរសព្ទទស្សនារឿងកំប្លែងខ្លះៗ ដើម្បីបំផ្ទុះសំណើច ក៏ជាជម្រើសមួយធ្វើឲ្យបន្ថយការងងុយគេងបានខ្លះដែរ។

៧. អានឲ្យលឺៗ៖ ប្រសិនបើនៅក្នុងបន្ទប់ យើងកំពុងរៀន ឬអានសៀវភៅ គួរអានឲ្យលឺៗ គឺបញ្ចេញថាមពល នៃការអានផង និងស្ដាប់ខ្លួនឯងផង ជួយឲ្យយើងថមថយងងុយដេក។

៨. ទាញ ឬក្ដិចសរីរាង្គខ្លួនតិចៗ៖ នៅពេលងងុយដេកខ្លាំងអាចទាញស្លឹកត្រចៀក ក្ដិចដៃ ជើងតិចៗ ជាការដាស់ស្មារតីរាងកាយ កុំឲ្យសម្រាកតាមអារម្មណ៍ដែលចង់ដេក។ ការណ៍ធ្វើដូចនេះ ជាផ្នែកមួយបន្ថយការងងុយដេកមួយផ្នែក។

៩. ប្រសិនបើប្រិយមិត្តធ្វើតាមលំដាប់លំដោយតាំងពីទី១ ដល់ទី៨ហើយ នៅតែងងុយដេកទៀត ដូច្នេះកុំបង្ខំរាងកាយរបស់យើងកុំឲ្យងងុយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព គឺជម្រើសចុងក្រោយ គឺសម្រាកដេកយកកម្លាំង ហើយក្រោកព្រឹករំលឹកមេរៀន និងរៀនបន្ដ ទើបធ្វើឲ្យការរៀនទទួលបានផល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ