អត្រាស្លាប់មនុស្សប្រចាំថ្ងៃក្នុងប្រទេសថៃ ហក់ឡើងខ្ពស់ខ្លាំងពុំធ្លាប់មានចំនួន២៣៩នាក់ ខណៈឆ្លងថ្មី ២០,១២៨នាក់
3 ឆ្នាំ មុន
បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាស នាថ្ងៃទី១៧ សីហា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២៣៩នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមកនេះ។នេះបើយោងតាមសេចក្ដីរាយការណ៍ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bangkok Post៕
ចំនួនមនុស្សស្លាប់នេះគឺជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មានទេនៅប្រទេសថៃ ដោយកាលពីថ្ងៃទី១០ សីហា ក៏ធ្លាប់មានខ្ពស់ដែរ តែត្រឹម២៣៥នាក់។
២៤ម៉ោងមកនេះ ក្រសួងបន្តថា ក៏មានមនុស្សឆ្លងថ្មី ២០១២៨នាក់ទៀតផងដែរ ដោយក្នុងចំណោមនេះ មានឆ្លងក្នុងពន្ធនាគារចំនួន២៧២នាក់ ប៉ុន្តែមានជាសះស្បើយវិញ ចំនួន២០៧៩១នាក់។
ប្រទេសថៃមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់៧៩៧៣នាក់ហើយ ខណៈដែលករណីឆ្លងសរុបកើនដល់ ជិត៩៥ម៉ឺននាក់ ជាសះស្បើយជាង៧៣ម៉ឺននាក់៕RT