ម៉ាណាហ្គា៖ ប្រទេសនីការ៉ាហ្គាបានសម្រេចចិត្តកម្ទេចចោលនូវ ចំណងមិត្តភាពរយៈពេលរាប់ទសវត្សរ៍ជាមួយកោះតៃវ៉ាន់ ហើយងាកទៅកសាងទំនាក់ទំនងការទូតផ្លូវការ ជាមួយនឹងទីក្រុងប៉េកាំងវិញ ដោយប្រការនេះបានធ្វើឲ្យទីក្រុងតៃប៉ិ បាត់បង់ការទទួលស្គាល់ថែមមួយប្រទេសទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១០ ធ្នូ ២០២១៕

ការលែងទទួលស្គាល់កោះតៃវ៉ាន់នេះ បានធ្វើឲ្យបញ្ចីឈ្មោះប្រទេសដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ នៅសល់ត្រឹមតែ ១៤ប្រទេសប៉ុណ្ណោះ។ ការសម្រេចចិត្តរបស់នីការ៉ាហ្គាបែបនេះ បានកើតមានឡើងបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសអាមេរិកកណ្តាលមួយនេះ និងសហរដ្ឋអាមេរិក បានប្រែជាតានតឹងខ្លាំងអស់ជាច្រើនខែមកហើយ។

ស្របពេលជាមួយគ្នានោះដែរ កោះតៃវ៉ាន់ក៏បានចេញមុខភ្លាមៗ ដើម្បីឆ្លើយតបទៅវិញផងដែរ ក្នុងនោះតៃវ៉ាន់បានហៅទង្វើរបស់ប្រទេសនីការ៉ាហ្គាថា ជារឿងគួរឲ្យ «ឈឺចាប់ និងសោកស្តាយ»។ 

បន្ថែមលើនេះ កោះតៃវ៉ាន់បានចោទប្រកាន់ទៀតថា ការសម្រេចចិត្តរបស់ប្រធានាធិបតីនីការ៉ាហ្គា លោក ដាញែល អ័រតេហ្គា ពិតជាមិនគិតគូរដល់ចំណងមិត្តភាពរវាងប្រជាជនតៃវ៉ាន់ និងនីការ៉ាហ្គានោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ