អ៊ីស្រាអែលកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយហ្គាហ្សា ព្រមទាំងបញ្ជូនពលករទៅកាន់ហ្គាហ្សាវិញ
ហេ្សរ៉ុយសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែលនឹងកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយហ្គាហ្សា ហើយនឹងបញ្ជូនពលករប៉ាឡេស្ទីនដែលកំពុងធ្វើការនៅអ៊ីស្រាអែលត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី ០៣ វិច្ឆិកា ២០២៣។
មន្ដ្រីខុទ្ទកាល័យសន្ដិសុខជាតិអ៊ីស្រាអែលបានលើកឡើងថា នឹងគ្មានប្រជាជនប៉ាឡេស្ទីនមួយរូបណា អាចធ្វើការនៅក្នុងអ៊ីស្រាអែលបានឡើយ។ ពលករប៉ាឡេស្ទីនដែលធ្វើការនៅអ៊ីស្រាអែលក្នុងថ្ងៃដែលសង្គ្រាមផ្ទុះឡើង នឹងត្រូវបញ្ជូនទៅហ្គាហ្សាវិញ។
យ៉ាងណាមិញ មន្ដ្រីរូបនេះពុំបានបញ្ជាក់ពីចំនួនពលករសរុបដែលត្រូវបញ្ជូនចេញនោះទេ។ មន្ដ្រីទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រជាជនប៉ាឡេស្ទីន បានគូសបញ្ជាក់ថា មុនពេលមានសង្គ្រាមកើតឡើង អ៊ីស្រាអែលបានរៀបចំចេញបណ្ណអនុញ្ញាតធ្វើការងារដល់ពលករប៉ាឡេស្ទីនប្រមាណ ១៨,៥០០នាក់។
មកទល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតែបន្ដ បើទោះបីជាមានការអំពាវនាវឱ្យមានបទឈប់បាញ់ ពីសំណាក់សហគមន៍អន្ដរជាតិក៏ដោយ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ប្រមាណ ៩,០០០នាក់ ដែលសុទ្ធតែជាស្ដ្រី និងកុមារ និងប្រជាជនរាប់ពាន់នាក់ទៀត ដែលជាប់គាំងនៅក្នុងតំបន់ហ្គាហ្សា កំពុងត្រូវការការសង្គ្រោះ និងជំនួយមនុស្សធម៌ជាបន្ទាន់៕