រដ្ឋាភិបាលជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងគ្រាមានអាសន្នជាលើកទី៤ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ក្នុងគ្រាមានអាសន្នជាលើកទី៤ ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងខណៈដែលវិធានការណ៍ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងកូវីដ១៩នៅក្នុងទីក្រុងតូក្យូ អូសាកា និងខេត្តចំនួន០៨ផ្សេងទៀតនឹងត្រូវផុតសុពលភាពនៅត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK
រដ្ឋាភិបាលជប៉ុនមានផែនការរឹតបន្តឹងលើវិធានការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង តាមរយៈការប្រកាសដាក់ទីក្រុងតូក្យូ ស្ថិតក្នុងគ្រាមានអាសន្ន ជាទីដែលមានករណីឆ្លងវីរុសកូវីដ១៩បាននិងកំពុងកើនឡើងខ្លាំង ។
ជាក់ស្តែង មន្រ្តីក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុនមួយនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗរហូតដល់៩២០ករណីនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដែលវាជាតួលេខឆ្លងខ្ពស់បំផុតគិតចាប់តាំងពីពាក់កណ្តាលខែឧសភាកន្លងមក ។
គួរកត់សម្គាល់ ការប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្នខាងលើនេះ នឹងត្រូវចូលជាធរមានរហូតដល់ថ្ងៃទី២២ ខែសីហាខាងមុខនេះ ៕