កំពង់ឆ្នាំង៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំនៅថ្ងៃទី២៦ ឧសភានេះ បានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី២៥ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៤នាក់។
អ្នកវិជ្ជមានទាំងនោះ មាន៣នាក់រស់នៅក្រុងកំពង់ឆ្នាំង, ៤នាក់រស់នៅស្រុកសាមគ្គីមានជ័យ និង៧នាក់នៅស្រុកទឹកផុស។ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង១៤នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង គិតមកដល់ថ្ងៃទី២៦ឧសភានេះ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣១នាក់ ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៦៣នាក់។RT