ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្សីលោក សឺហ្គេ ស៊យហ្គូ បានគូសបញ្ជាក់ថា អ្វីដែលលោកហៅថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន កំពុងដំណើរការតាមការគ្រោងទុក ហើយកិច្ចការទាំងអស់នឹងត្រូវបញ្ចប់ទាំងស្រុង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៥ សីហា ២០២២។

លោក ស៊យហ្គូ បានអះអាងបែបនេះនៅក្នុងកិច្ចប្រជុំមួយនៃក្រុមរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសនានា ដែលចូលរួមក្នុងអង្គការសហប្រតិបត្តិការសៀងហៃ ដែលធ្វើឡើងកាលពីថ្ងៃពុធសប្តាហ៍ នៅទីក្រុងTashkent ប្រទេសអ៊ូសបេគីស្ថាន។ 

លោក ស៊យហ្គូ បន្តថា អ៊ុយក្រែនបានបដិសេធមិនអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ និងបានបង្កការគំរាមកំហែងជាក់ស្តែងដល់ប្រជាជននៅក្នុងតំបន់ដុនបាស់ ក៏ដូចជាប្រទេសរុស្ស៊ីផងដែរ។ កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីបេឡារូសក្នុងឆ្នាំ ២០១៥ ត្រូវបានរៀបចំឡើងដើម្បីបញ្ចប់ជម្លោះនៅភាគខាងកើតអ៊ុយក្រែន។ 

លោក ស៊យហ្គូ បន្ថែមថា ការណ៍នេះបានបណ្តាលឱ្យមានតម្រូវការសម្រាប់ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ហើយថា រុស្ស៊ីនឹងអនុវត្តប្រតិបត្តិការនេះ ទៅតាមការគ្រោងទុក និងសម្រេចបាននូវគោលដៅទាំងអស់។ 

ប្រមុខការពារជាតិរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ប្រទេសរបស់លោកកំពុងមានចេតនាបន្ថយល្បឿននៃយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីកាត់បន្ថយចំនួនជនស៊ីវិលបាត់បង់ជីវិត និងរបួស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ