អាមេរិក៖ ទូរទស្សន៍ CNN បានបិទ Facebook Page របស់ខ្លួនមិនឱ្យប្រជាជនអូស្ត្រាលីអាចចូលមើលបាន បន្ទាប់ពីតុលាការ បានចេញច្បាប់ថ្មី ដែលតម្រូវឱ្យអ្នកបោះពុម្ពផ្សាយ ទទួលខុសត្រូវចំពោះខ្លឹមសារនៃការបញ្ចេញមតិយោបល់ របស់អ្នកប្រើប្រាស់ Facebook ទៅលើព័ត៌មានរបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការអូស្ត្រាលីបានចេញសេចក្ដីសម្រេច ដោយតម្រូវឱ្យអ្នកបោះពុម្ពផ្សាយ ទទួលខុសត្រូវចំពោះការបញ្ចេញមតិពីសំណាក់អ្នកប្រើប្រាស់ Facebook ទៅលើព័ត៌មានដែលបានបង្ហោះ ចូលក្នុង Facebook បើទោះបីជាមតិយោបល់នោះមិនពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ក៏ដោយ។

CNN គឺជាប្រព័ន្ធផ្សព្វផ្សាយធំដំបូងគេដែលបានដក Facebook Page របស់ខ្លួនចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីមានសេចក្ដីសម្រេចរបស់តុលាការ ហើយប្រហែលជាអាចនឹងមាន សារព័ត៌មានធំៗផ្សេងទៀតនឹងធ្វើតាម CNN ខណៈដែល CNN បាន និយាយថាខ្លួនបានពិភាក្សាជាមួយនឹង Facebook អំពីការបិទមតិយោបល់នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងជាបណ្ដាញសង្គមដ៏ធំមួយនេះបានបដិសេដមិនព្រមទទួលយក ការស្នើសុំរបស់ CNN ឡើយ។

អ្នកនាំពាក្យរបស់ CNN បាននិយាយថា យើងមានការខកចិត្តយ៉ាងខ្លាំង នៅពេលដែល Facebook មិនព្រមទទួលយកសំណើរបស់ខ្លួន ជាពិសេសគឺខកចិត្តត្រង់ចំណុចដែល Facebook មិនមានជម្រើសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយទៅលើករណីដូចខាងលើនេះ។ CNN គឺជាសារព័ត៌មាន មួយដែលអាចជឿទុកចិត្តបាន និងទទួលបានការគាំទ្រជាច្រើនពាសពេញពិភពលោក។

កាលពីដើមខែកញ្ញា តុលាការជាន់ខ្ពស់អូស្រ្តាលី បាននិយាយថា អ្នកបោះពុម្ពផ្សាយត្រូវទទួលខុសចំពោះការអត្ថាធិប្បាយលើប្រកាសរបស់ពួកគេ ទោះបីជារឿងរ៉ាវទាំងនោះមិនត្រូវបានបរិហារកេរ្តិ៍ក៏ដោយ ខណបណ្ដាញសង្គមគឺជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏សំខាន់បំផុត សម្រាប់ប្រជាជនអូស្ត្រាលី ដែលក្នុងនោះមាន ២ភាគរយ៣គឺ ពួកគេទទួលបានព័ត៌មានតាមរយៈបណ្ដាញសង្គម Facebook។

គួរបញ្ជាក់ផងដែរថា CNN បានបិទតែ Facebook Page របស់ខ្លួននៅក្នុងតែប្រទេសអូស្ត្រាលីប៉ុណ្ណោះ ចំណែកគេហទំព័រ និង App របស់ខ្លូន គឺនៅតែដំណើរការជាធម្មតាសម្រាប់ប្រទេសអូស្ត្រាលី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ