បរទេស៖ មានហេតុការណ៍អគ្គីភ័យបានឆាបឆេះនៅលើកប៉ាល់នៃកោះ Staten ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយអាជ្ញាធរបានប្រញាប់ប្រញាល់បញ្ជូនទូកដើម្បីជួយជម្លៀសអ្នកដំណើរជិត ៩០០ នាក់ហើយ ៥ នាក់បានទទួលរងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៤ ធ្នូ ២០២២។
កប៉ាល់ដឹកអ្នកដំណើរដ៏ធំមួយស្ថិតនៅចំណុចកោះ Staten ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលទទួលរងនូវឧបទ្ទវហេតុនៃអគ្គិភ័យឆាបឆេះយ៉ាងសន្ទោសន្ទៅ។
ក្នុងនោះត្រូវបានគេដឹងថាអ្នកដំណើរនៅលើនោះមានចំនួន ៨៦៨ នាក់ និងនាវិកចំនួន ១៦ នាក់ ហើយបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានអគ្គីភ័យនៅក្នុងបន្ទប់ម៉ាស៊ីននៃសាឡាង Staten Island “Sandy Ground” នៅចំណុចទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ខណៈដែលកប៉ាល់កំពុងធ្វើដំណើរជុំវិញ ទីក្រុងញូវយ៉ករួចមក បុគ្គលិកសង្គ្រោះបន្ទាន់ ឆ្មាំឆ្នេរសមុទ្រ និងកងពន្លត់អគ្គីភ័យក៏បានប្រញាប់ពន្លត់ភ្លើងជាបន្ទាន់។
ទន្ទឹមនឹងនោះបន្ទាប់ពីភ្លើងត្រូវបានគ្រប់គ្រងរួចរាល់ កប៉ាល់ Sandy Ground ក៏បានបោះយុថ្កានៅកំពង់ផែរនៃរដ្ឋ New Jersey ខណៈពេលដែលឆ្មាំឆ្នេរសមុទ្រកំពុងបំពេញកាតព្វកិច្ច ជម្លៀសអ្នកដំណើរទាំងអស់ រួមទាំងនាវិកសាឡាង ១៦ នាក់ដែលភាគច្រើនត្រូវបានគេឱ្យពាក់អាវការពារ ដើម្បីសុវត្ថិភាព។
ក្នុងនោះការជម្លៀសចេញបានចំណាយពេលតិចជាងមួយម៉ោងដើម្បីបញ្ចប់ មុនពេលដឹកជញ្ជូនអ្នកដំណើរទៅច្រាំង។ ទោះជាយ៉ាងណារបាយការណ៍ជាបឋមបានបន្ថែមមកថា មានអ្នករងរបួសពីហេតុការណ៍នេះ ៥នាក់ ក្នុងនោះ ៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ យ៉ាងណាមិញមូលហេតុពិតនៃការឆាបឆេះនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតយ៉ាងហ្មត់ចត់ម្តងទៀត៕