ម៉ិកស៊ីកូស៊ីតធី៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា វានៅតែជាថ្ងៃដំបូងនៃការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងយោធារុស្ស៊ី ប៉ុន្តែកងកម្លាំងអ៊ុយក្រែនបានរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៣ កញ្ញា ២០២២។

លោក ប្លីងគែន បានស្ថិតនៅក្នុងប្រទេសម៉ិកស៊ិកូ សម្រាប់កិច្ចពិភាក្សាសេដ្ឋកិច្ច ដែលត្រូវបានស្នើសុំឱ្យមានការវាយតម្លៃរបស់គាត់ អំពីស្ថានការណ៍វិវត្តន៍ថ្មីៗនៅអ៊ុយក្រែន។ កងទ័ពអ៊ុយក្រែនបានដណ្តើមយកទីក្រុងជាច្រើនមកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីរុស្ស៊ីបានបោះបង់ចោលបន្ទាយសំខាន់របស់ខ្លួននៅភាគឦសានអ៊ុយក្រែនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលជាការបរាជ័យដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីដើមដំបូងនៃសង្រ្គាម។

លោក ប្លីងគែន បានបញ្ជាក់យ៉ាងដូច្នេះថា អ្វីដែលពួកគេបានធ្វើ គឺត្រូវបានគ្រោងទុកទៅតាមវិធីសាស្រ្ត ហើយជាការពិតណាស់ វាត្រូវបានទទួលអត្ថប្រយោជន៍ពីការគាំទ្រយ៉ាងសំខាន់ពីសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ទាក់ទងនឹងការធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានឧបករណ៍ដែលខ្លួនត្រូវការ ដើម្បីយកឈ្នះការវាយលុកនេះ។

លោក ប្លីងគែន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ិកស៊ិកូ ស៊ីតធី ថា ជម្លោះអ៊ុយក្រែនទំនងជានឹងបន្តមួយរយៈពេលទៀត ដោយសារតែរុស្ស៊ីនៅតែមានកម្លាំង និងអាវុធសំខាន់ៗនៅក្នុងអ៊ុយក្រែន ដែលខ្លួននៅតែប្រើប្រាស់វាយប្រហារដោយមិនរើសអើង ប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ