ហ្គាហ្សា៖ រដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺជា«សង្គ្រាមសងសឹក» ហើយមន្ត្រីរូបនេះបានអំពាវនាវឱ្យមានបទឈប់បាញ់ នៅក្នុងជម្លោះនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៧ តុលា ២០២៣។

លោក Riyad al-Maliki រដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីនបានអះអាងដូច្នេះ ក្នុងពេលដែលលោកបានធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់។

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនរូបនេះបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីនោះថា «លើកនេះ សង្រ្គាមដែលអ៊ីស្រាអែលកំពុងធ្វើ គឺខុសគ្នា ..លើកនេះ… វាជាសង្រ្គាមសងសឹក..ជាដំបូង..យើងត្រូវបញ្ចប់ការឈ្លានពាន តែម្ខាងបែបនេះ ហើយបន្ទាប់មក យើងត្រូវអំពាវនាវឲ្យមានបទឈប់បាញ់»។

លោក Riyad al-Maliki បានបន្ថែមទៀតថា «បទឈប់បាញ់គឺចាំបាច់ សម្រាប់ការចែកចាយជំនួយមនុស្សធម៌»។ លោក Maliki បានបំពេញបេសកកម្ម នៅហូឡង់ ដើម្បីបានជួបមន្ត្រីកំពូល នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ រួមទាំង ប្រធានរដ្ឋអាជ្ញា លោក Karim Khan ផងដែរ។

ក្នុងដំណើរបេសកកម្មលើកនេះ លោក Maliki បានអះអាងថា «ស្ថានភាពនៅហ្គាហ្សា គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ឥឡូវនេះ ដែលវាត្រូវការការអន្តរាគមន៍ ភ្លាមៗ ពីរដ្ឋអាជ្ញា របស់ តុលាការICC»។

គួររម្លឹកថា កាលពីថ្ងៃទី ៧ ខែតុលា ក្រុមហាម៉ាស់បានវាយប្រហារសម្រុលចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដ៏គួរឲ្យភ្ញាក់ផ្អើល សម្លាប់មនុស្សជាង ១៤០០ នាក់ ដែលភាគច្រើន គឺជាជនស៊ីវិល ព្រមទាំង បានចាប់ជំរិតមនុស្ស ចំនួន២២៤នាក់ បន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ