សម្ដេច ស ខេង ប្រាប់ទូតអាមេរិក ថា បច្ចុប្បន្ននេះ ទម្រង់នៃអំពើជួញដូរមនុស្ស មានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្ននេះ ទម្រង់នៃអំពើជួញដូរមនុស្ស មានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក្នុងការប្រព្រឹត្តបទល្មើសនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក W. Patrick Murphy បានលើកឡើងអំពីលទ្ធផល នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលកម្ពុជាអនុវត្តក្នុងរយៈពេលកន្លងមកនេះ។ លោកកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួន ត្រូវចាញ់បោកឧក្រិដ្ឋជននាំមកឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់។
លោកទូត ក៏បានកោតសរសើរចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវបញ្ហាដ៏មានសារៈសំខាន់នេះ។ លោកថា អាមេរិកត្រៀមខ្លួនផ្ដល់កិច្ចសហការលើការងារនេះ ខណៈអាមេរិក ក៏កំពុងតែធ្វើការនេះជាមួយអន្តរក្រសួងផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់អាមេរិក ក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សម្ដេច ថា នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។
សម្ដេចក្រឡាហោម បញ្ជាក់ថា «គឺបច្ចុប្បន្ននេះ ទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស។ ស្របពេលគ្នានៃការដំណើរការ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកិច្ចការសំខាន់សំខាន់មួយចំនួនទៀតដែល រួមមាន៖ ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ ទាំងអនឡាញ និងមិនអនឡាញ ការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់»។
ពាក់ព័ន្ធទៅនឹងបទល្មើសទាំងនេះ សម្ដេចក្រឡាហោម បានបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បាននិងកំពុងតែបន្តអនុវត្ត ដើម្បីសង្គ្រោះអ្នករងគ្រោះ ទន្ទឹមគ្នានឹងផ្ដន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធផងដែរ។ សម្ដេច បន្តថា សមត្ថកិច្ចក៏បន្តពង្រីកការស្រាវជ្រាវបទល្មើសទាំងនេះ ដើម្បីរកឱ្យឃើញ ក្នុងករណីមានការពាក់ព័ន្ធទៅនឹងបទល្មើសសម្អាតប្រាក់។
សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់។ សម្ដេច ថា កន្លងមកក៏មានការផ្សព្វផ្សាយដាក់បន្ទុកមកលើកម្ពុជា អំពីបញ្ហានេះ ក៏ប៉ុន្តែជាក់ស្ដែងកិច្ចការងារនេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទាំងនៅប្រទេសគោលដៅ រួមទាំងកម្ពុជា និងទាំងនៅប្រទេសដែលមានពលរដ្ឋរបស់ខ្លួនជាជនរងគ្រោះ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអាមេរិក បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ថា បញ្ហាអំពើជួញដូរមនុស្សនេះ គឺជាបញ្ហាសកល ហើយទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកលផងដែរ ដើម្បីដោះស្រាយនូវបញ្ហានេះ៕EB