ម៉ាឡេស៊ី បិទមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីអ្នកស្ម័គ្រចិត្ត និងបុគ្គលិកពេទ្យ ធ្វើតេស្តវិជ្ជមានកូវីដ ជាង២០០នាក់
ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីម៉ាឡេស៊ីទទួលបន្ទុកការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ លោក ខៃរី ចាម៉ាលូឌីន (Khairy Jamaluddin) បញ្ជាក់ថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩មួយកន្លែង ត្រូវបានបញ្ជាអោយបិទ ដើម្បីធ្វើអនាម័យនៅថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីអ្នកស្ម័គ្រចិត្ត និងបុគ្គលិកជាង២០០នាក់នៅទីនោះ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីចុងសប្ដាហ៍មុន ។ នេះបើយោងតាមសារព័ត៌មាន CNA
លោក ខៃរី ចាម៉ាលូឌីន បានប្រាប់អ្នកសារព័ត៌មានថា អ្នកដែលឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកក្កដា នៅមជ្ឈមណ្ឌលដែលស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រខាងក្រៅទីក្រុងកូឡាឡាំពួរនោះ ត្រូវបានណែនាំអោយនៅដាច់ដោយឡែកសម្រាប់រយៈពេល១០ថ្ងៃ ។
បើតាមលោក ខៃរី មជ្ឈមណ្ឌលនោះ មានសមត្ថភាពចាក់វ៉ាក់សាំងប្រមាណ៣ពាន់ដូសជារៀងរាល់ថ្ងៃ ហើយក្នុងចំណោមបុគ្គលិក និងអ្នកស្ម័គ្រចិត្ត៤៥៣នាក់ដែលត្រូវបានពិនិត្យនោះ មាន២០៤នាក់រកឃើញវិជ្ជមាន ។
សូមជម្រាបផងដែរថា ម៉ាឡេស៊ីមានអត្រាឆ្លងខ្ពស់បំផុតមួយក្នុងចំណោមប្រទេស អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែក៏មានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ខ្ពស់បំផុតមួយ ផងដែរ ដោយ២៥ភាគរយនៃចំនួនប្រជាជន៣២លាននាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សំាងយ៉ាងហោចណាស់ក៏មួយដូសដែរ ៕