នាយករដ្ឋមន្ត្រីប៉ាគីស្ថានថា ប្រទេសរបស់ខ្លួនប្រឈមមុខនឹងកង្វះស្បៀងអាហារ បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរ
អ៊ីស្លាម៉ាបាដ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សាបាស់ ហ្សារីសហ្វ បានប្រាប់សមភាគីតួកគី លោក តាយយីប អឺដូហ្គាន់ នៅក្នុងការសន្ទនាតាមទូរស័ព្ទថា ប៉ាគីស្ថានកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបន្សល់ទុកខ្សែក្រវ៉ាត់កសិកម្មរបស់ប្រទេសក្រីក្រនេះនៅក្រោមទឹក ខណៈដែលអាជ្ញាធរបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចែកចាយស្បៀងអាហារ តង់ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៣ កញ្ញា ២០២២។
លោក ហ្សារីសហ្វ បាននិយាយទៅកាន់លោក អឺដូហ្គាន់ ដើម្បីថ្លែងអំណរគុណដល់ប្រទេសតួកគីសម្រាប់ការបញ្ជូនស្បៀងអាហារ តង់ និងថ្នាំពេទ្យដោយយន្តហោះយោធាចំនួន ១២គ្រឿង រថភ្លើងចំនួន ៤គ្រឿង និងរថយន្តដឹកទំនិញអឌ្ឍចន្ទក្រហមតួកគី។ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិបានប៉ាន់ប្រមាណថា ទឹកជំនន់បានបំផ្លាញដំណាំជាង ៣,៦លានហិកតាក្នុងប្រទេសប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាក់ថា លោក ហ្សារីសហ្វ បានប្រាប់លោក អឺដូហ្គាន់ អំពីសកម្មភាពផ្តល់ជំនួយរបស់រដ្ឋាភិបាល ហើយបានស្វែងរកជំនួយពីប្រទេសតួកគី ក្នុងការយកឈ្នះលើកង្វះស្បៀងអាហារ ហើយថា ប៉ាគីស្ថានក៏កំពុងស្វែងរកជំនួយពីតួកគីលើការងារកសាងឡើងវិញក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់ផងដែរ។
បច្ចុប្បន្នមនុស្សជាង ៦៦០,០០០នាក់ រួមទាំងស្ត្រី និងកុមារកំពុងរស់នៅក្នុងជំរុំសង្គ្រោះ និងនៅក្នុងផ្ទះបណ្តោះអាសន្ន បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្ទះសម្បែងរបស់ពួកគេនៅទូទាំងប្រទេស និងបង្ខំឱ្យពួកគេផ្លាស់ទីទៅកាន់កន្លែងមានសុវត្ថិភាព។
គិតមកទល់ពេលនេះ អាជ្ញាធរ និងយោធាប៉ាគីស្ថាន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសប្បុរសធម៌ក្នុងតំបន់បាននិងកំពុងដឹកជញ្ជូនចែកចាយស្បៀងអាហារដល់ជនរងគ្រោះដោយទឹកជំនន់ទាំងនោះ។
ដោយឡែកកាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់។RT